អ៊ីស្លាម៉ាបាដ ៖ លោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់អះអាងកាលពីថ្ងៃអង្គារថា ប្រសិនបើជាគ្មានមីស៊ីលផ្លោងជួយការពារទេនោះ ប្រទេសរបស់លោកច្បាស់ជាត្រូវខ្ទេចខ្ទី ដូចតំបន់ ហ្គាហ្សាដែលត្រូវបានបំផ្លិចបំផ្លាញយ៉ាងចាស់ដៃ ក្រោមស្នាដៃអ៊ីស្រាអែលជាក់ជាមិនខាន ។

អ៊ីស្លាម៉ាបាដ ៖ លោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់អះអាងកាលពីថ្ងៃអង្គារថា ប្រសិនបើជាគ្មានមីស៊ីលផ្លោងជួយការពារទេនោះ ប្រទេសរបស់លោកច្បាស់ជាត្រូវខ្ទេចខ្ទី ដូចតំបន់ ហ្គាហ្សាដែលត្រូវបានបំផ្លិចបំផ្លាញយ៉ាងចាស់ដៃ ក្រោមស្នាដៃអ៊ីស្រាអែលជាក់ជាមិនខាន ។
ការអះអាងរបស់លោក Pezeshkian ធ្វើឡើងនៅប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ហាក់បន្ទន់ឥរិយាបថ ចំពោះកម្មវិធីមីស៊ីលរបស់ទីក្រុងតេហេរ៉ង់ នៅក្នុងអន្តរកាល បន្តចរចាស្វែងរកការបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា ជាអចិន្ត្រៃយ៍ ។
ថ្លែងទៅកាន់ប្រទេសប៉ាគីស្ថាន ដែលជាអ្នកសម្រុះសម្រួលក្នុងកិច្ចចរចា រវាងទីក្រុងតេហេរ៉ង់ និង វ៉ាស៊ីនតោន, លោក Pezeshkian បញ្ជាក់ថា កម្មវិធីមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ មិនអាចស្ថិត ក្នុងលក្ខខណ្ឌចរចារ បាននោះឡើយ ។
លោកថា ប្រសិនបើជាអ៊ីរ៉ង់គ្មាន មីស៊ីល សម្រាប់ការពារជាតិ ដូចពេលនេះទេ ម្ល៉េះ អ៊ីស្រាអែល និង សហរដ្ឋអាមេរិក ច្បាស់ជាចូលវាយលុក អ៊ីរ៉ង់ ឲ្យខ្ទេចខ្ទី ដូចនៅតំបន់ហ្គាហ្សាបាត់ទៅហើយ ។
បើតាម Times Of Israel, មុនពេលផ្ទុះសង្រ្គាម សហរដ្ឋអាមេរិក បានស្វែងរកការ លុបបំបាត់ កម្មវិធីមីស៊ីលផ្លោង ព្រមជាមួយនឹងអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយឈប់ឲ្យទីក្រុងតេហេរ៉ង់ ផ្គត់ផ្គង់អាវុធទាំងនេះ ទៅដល់បណ្តាញ ដែលអាមេរិកចោទថា ជាក្រុមភេរវករ ។
ប៉ុន្តែ កាលពីប៉ុន្មានថ្ងៃ ថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហាក់ដូចជា បន្ទន់ជំហរ របស់លោក លើបញ្ហាមីស៊ីលបាលីស្ទិក របស់អ៊ីរ៉ង់។
អំឡុងកិច្ចប្រជុំកំពូល នៃប្រទេសអ្នកមាន G7 នៅប្រទេសបារាំង កាលពីសប្តាហ៍មុន, លោក ត្រាំ និយាយថា អ៊ីរ៉ង់ គួរតែមានមីស៊ីលទំនើបៗ បន្ថែមទៀត កុំឲ្យចាញ់បណ្តាប្រទេសជិតខាង ដោយលោកបញ្ជាក់ថា ជារឿងអយុត្តិធម៌សម្រាប់សាធារណរដ្ឋឥស្លាមមួយនេះ ប្រសិន បើគ្មាន មីស៊ីលផ្លោង ដូចបណ្តាប្រទេសឈូងសមុទ្រ ផ្សេងៗទៀត៕
ប្រភព ៖ Times Of Israel, ប្រែសម្រួល ៖ សារ៉ាត
