មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រកាសកាលពីថ្ងៃអង្គារថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចដើម្បីចរចាបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែន ប៉ុន្តែត្រូវតែផ្អែកលើកិច្ចព្រមព្រៀងដែលធ្លាប់ចរចាគ្នានៅទីក្រុង Anchorage របស់សហរដ្ឋអាមេរិក និងទីក្រុង Istanbul របស់ប្រទេសតួកគី ព្រមទាំងការពិតជាក់ស្តែងលើបញ្ហាទឹកដីផងដែរ ។
លោក Putin លើកឡើងថា កន្លងមក ដំណើរការចរចារវាងភាគីទាំងពីរក៏កើតមានឡើងផងដែរ ប៉ុន្តែអ៊ុយក្រែនបានបង្អាក់ការចរចានេះតាមរយៈការព្យាយាមបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ខ្លួនឯង និងការសម្រុកវាយប្រហារមិនដកដៃលើរុស្ស៊ី ។
បើតាម Anadolu, រុស្ស៊ី និងអ៊ុយក្រែន បានធ្វើការចរចាសន្តិភាពឡើងវិញចំនួន ៣ ជុំនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីឆ្នាំមុន ។ ក្នុងនោះរួមមាននៅថ្ងៃទី១៦ ខែឧសភា, ថ្ងៃទី២ ខែមិថុនា និងថ្ងៃទី២៣ ខែកក្កដា ។
បន្ទាប់មក លោកប្រធានាធិបតី Donald Trump និងលោក Putin បានជួបគ្នានៅទីក្រុង Anchorage ក្នុងរដ្ឋ Alaska របស់សហរដ្ឋអាមេរិក ដែលនាំឱ្យមានផែនការសន្តិភាពចុងក្រោយចំនួន ២០ ចំណុច ។
ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក, រុស្ស៊ី-អ៊ុយក្រែនក៏បានធ្វើកិច្ចចរចាសន្តិភាពចំនួន ៣ ជុំបន្ថែមទៀតនៅដើមឆ្នាំនេះ ពោលគឺនៅថ្ងៃទី ២៣ និង ២៤ ខែមករា, ថ្ងៃទី ៤ និងទី ៥ ខែកុម្ភៈ និងចុងក្រោយនៅថ្ងៃទី១៧ និងទី១៨ ខែកុម្ភៈ ។
យ៉ាងណា ដំណើរការចរចានេះត្រូវបានផ្អាកវិញ បន្ទាប់ពីផ្ទុះសង្គ្រាមអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ។
គួរបញ្ជាក់ថា ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានចាប់ផ្តើមឆាបឆេះឡើង តាមរយៈការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលគិតមកដល់ឆ្នាំ ២០២៦នេះ គឺមានរយៈពេលជាង ៤ ឆ្នាំហើយ ។
វិបត្តិជម្លោះនេះ ត្រូវបានគេចាត់ទុកថា ជាជម្លោះយោធាដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរមក ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា