មីនស្ក៍ ៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយកាលពីថ្ងៃ ព្រហស្បតិ៍ ថា រូបលោកបានព្រមានយ៉ាងម៉ឺងម៉ាត់ទៅកាន់ទីក្រុងកៀវ កុំឱ្យព្យាយាមអូសទាញប្រទេសរបស់លោក ឱ្យចូលទៅក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ។
ការព្រមាននេះ កើតឡើងចំពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែក្តៅគគុក បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចេញឱសានវាទគំរាមកំហែងវាយប្រហារបេឡារុស ប្រសិនបើមិនបិទស្ថានីយ៍បញ្ជូនសញ្ញា ដែលជួយដល់យន្តហោះដ្រូនរបស់រុស្ស៊ី ក្នុងការវាយប្រហារអ៊ុយក្រែនទេនោះ ។
ក្រោយមានការព្រមានពីអ៊ុយក្រែន ស្ថានីយ៍បញ្ជូនសញ្ញាទាំងនោះ ត្រូវបានគេរាយការណ៍ថា បានផ្អាកដំណើរការជាបណ្តោះអាសន្នហើយ ។
បើតាម Straits Times, លោកប្រធានាធិបតី Lukashenko បានទម្លាយឱ្យដឹងថា តំណាងរបស់លោកប្រធានាធិបតី Zelensky បានមកជួបពិភាក្សាផ្ទាល់នៅទីក្រុងមីនស្ក៍ កាលពីពេលថ្មីៗនេះ ។
ក្នុងជំនួបនោះ លោកបានប្រាប់ទៅភាគីអ៊ុយក្រែនច្បាស់ៗថា ប្រសិនបើទីក្រុងកៀវ គិតថា អាចនិយាយគំរាមកំហែង និងព្យាយាមអូសទាញបេឡារុសចូលក្នុងជម្លោះ នោះទម្រង់នៃសង្គ្រាមនឹងផ្លាស់ប្តូរភ្លាមៗ ហើយវានឹងក្លាយជាសង្គ្រាមខុសប្លែកពីមុនទាំងស្រុង ។
ប៉ុន្តែលោក Lukashenko បានសង្កត់ធ្ងន់ថា បេឡារុសប្រកាន់ជំហរស្រឡាញ់សន្តិភាព និងមិនមានបំណងចង់ប្រយុទ្ធជាមួយប្រជាជនអ៊ុយក្រែនឡើយ ។



























