ប៉េកាំង ៖ ចិន ដែលជាប្រទេសមហាយក្សនៅអាស៊ី កាលពីថ្ងៃ ព្រហស្បតិ៍ បានបន្តអំពាវនាវសាជាថ្មីឱ្យសហរដ្ឋអាមេរិក បិទបញ្ចប់សម្ពាធទណ្ឌកម្ម និងការហាមឃាត់ដ៏យូរអង្វែងរបស់ខ្លួនប្រឆាំងនឹងប្រទេសគុយបា ។
ការអំពាវនាវរបស់ចិន កើតឡើងបន្ទាប់ពីក្រសួងការបរទេសអាមេរិកបានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងអង្គភាពចំនួន៥ និងបុគ្គលម្នាក់ ដោយចោទប្រកាន់ថា បានបង្កើតប្រាក់ចំណូលសម្រាប់រដ្ឋាភិបាលគុយបា និងមានទំនាក់ទំនងជាមួយប្រទេសគុយបា ។
បើតាម Anadolu, អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយថា ទីក្រុងប៉េកាំងប្រឆាំងនឹងអ្វីដែលខ្លួនពិពណ៌នាថា ជាការដាក់ទណ្ឌកម្មឯកតោភាគី ដែលខ្វះមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ ។
លោក Guo បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងថា យើងសូមជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការបិទផ្លូវ និងការបង្ខិតបង្ខំ ព្រមទាំងសម្ពាធគ្រប់ទម្រង់ប្រឆាំងនឹងប្រទេសគុយបាភ្លាមៗ ដែលរំលោភលើសិទ្ធិរស់រានមានជីវិត និងការអភិវឌ្ឍរបស់ប្រជាជនគុយបា ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parrilla បានរិះគន់ភ្លាមៗ ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដោយបានចោទប្រកាន់ត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញថា បានបង្កើនសម្ពាធសេដ្ឋកិច្ចលើគុយបា ។
ថ្លែងគាំទ្រគុយបា លោក Guo បានសង្កត់ធ្ងន់ថា ចិនគាំទ្រយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គុយបា ក្នុងការបន្តមាគ៌ាអភិវឌ្ឍន៍ ដែលស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ក៏ដូចជាគាំទ្រទីក្រុងឡាហាវ៉ាន ក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខរបស់ខ្លួន ប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា




























