សេអ៊ូល ៖ កូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះបានប្រកាសពីគម្រោងបណ្តុះបណ្តាលទាហានរបស់ខ្លួនចំនួន ៥០ ម៉ឺននាក់ឲ្យចេះប្រើប្រាស់យន្តហោះដ្រូនដើម្បីទុកធ្វើជា “អាវុធផ្ទាល់ខ្លួនទីពីរ” សម្រាប់ទាហានម្នាក់ៗ ។
បើតាម Straits Times, មូលហេតុដែលកូរ៉េខាងត្បូងគ្រោងបណ្តុះបណ្តាលទាហាន ដែលខ្លួនដាក់ឈ្មោះថា “អ្នកចម្បាំងដ្រូន” គឺដើម្បីទប់ទល់ និងឆ្លើយតបការគំរាមកំហែងផ្នែកសន្តិសុខកាន់តែខ្លាំងឡើងពីកូរ៉េខាងជើង ។
លោក Ahn Gyu-back រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលើកឡើងថា ចាប់ពីពេលនេះតទៅ យន្តហោះដ្រូននឹងក្លាយជាឧបករណ៍ប្រយុទ្ធសម្រាប់គ្រប់អង្គភាពទាំងអស់ ហើយដ្រូនទាំងនោះ គួរតែត្រូវបានប្រើប្រាស់ដោយកងទ័ព ដូចជាអាវុធផ្ទាល់ខ្លួនទីពីរ ។
ចំណែកពាក់ព័ន្ធនឹងគ្រឿងបន្លាស់ ទីក្រុងសេអ៊ូលនឹងពឹងផ្អែកលើគ្រឿងបន្លាស់ផលិតក្នុងស្រុក ១០០ ភាគរយ ជាជាងគ្រឿងបន្លាស់របស់ចិន ដើម្បីធានាអំពីសន្តិសុខរបស់ខ្លួន ។
បើតាម Yonhap, យោធាកូរ៉េខាងត្បូងមានមហិច្ឆតាផលិតដ្រូនចំនួន ១១ ម៉ឺនគ្រឿងនៅឆ្នាំ ២០២៩ សម្រាប់ដាក់ពង្រាយទាំងកងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពអាកាស ដោយមានគោលបំណងធ្វើឱ្យយន្តហោះដ្រូន ក្លាយជាឧបករណ៍ស្តង់ដារសម្រាប់ទាហានម្នាក់ៗ ។
ក្រៅពីផលិតដ្រូន, កូរ៉េខាងត្បូងក៏មានផែនការពង្រីកប្រព័ន្ធប្រឆាំងដ្រូន រួមមានអាវុធឡាស៊ែរ និងអាវុធមីក្រូវ៉េវដើរដោយថាមពលខ្ពស់ និងការផ្លាស់ប្តូរប្រតិបត្តិការ ដើម្បីធ្វើយ៉ាងណាឱ្យឧបករណ៍នីមួយៗអាចឃ្លាំមើល និងវាយប្រហារដោយប្រើដ្រូន ជាជាងពឹងផ្អែកលើកងបញ្ជាការកណ្តាល ៕
ប្រភព ៖ The Straits Times និង Anadolu ប្រែសម្រួល ៖ ឈឹម ទីណា