បរទេស ៖ រដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Sayyid Badr bin Hamad bin Hamood Albusaidi ប្រកាសបញ្ឈប់គម្រោងគិតថ្លៃនាវា បើកឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ជាមួយអ៊ីរ៉ង់ ដើម្បីធានាឱ្យមានការធ្វើនាវាចរដោយសេរី និងសុវត្ថិភាព ។ នេះបើតាមការចេញផ្សាយរបស់ Xinhua កាលពីថ្ងៃព្រហស្បតិ៍ ។
ការអះអាងនេះ ធ្វើឡើង បន្ទាប់ពី អូម៉ង់ ធ្លាប់មានផែនការ ចាប់ដៃ អ៊ីរ៉ង់ ដាក់កុងត្រូល គិតថ្លៃកប៉ាល់ឆ្លងកាត់ ច្រកសមុទ្រមួយនេះ ពោលគឺនៅមុនពេលដែល អាមេរិក និងអ៊ីរ៉ង់ បានចុះ MOU ១៤ ចំណុច ។
ការប្រែក្រឡាស់របស់អូម៉ង់ ក៏ដោយសារតែអាមេរិកធ្លាប់គំរាមវាយប្រហារអូម៉ង់ ប្រសិនបើប្រទេសមួយនេះ ហ៊ានតែសហការ ជាមួយទីក្រុងតេហេរ៉ង់លើប្រតិបត្តិការយកថ្លៃសេវាមួយនេះ ។
លោក Albusaidi អះអាងថា ក្នុងនាមជារដ្ឋនៃច្រកសមុទ្រHormuz ប្រទេសអូម៉ង់ មានទំនួលខុសត្រូវពិសេសក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីធានាបាននូវការធ្វើនាវាចរណ៍តាមសមុទ្រ ស្របតាមកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិ និង អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
រដ្ឋមន្ត្រីរូបនេះក៏បានអះអាងជាថ្មីនូវការគាំទ្ររបស់អូម៉ង់ ចំពោះ MoU ដែលបានចុះហត្ថលេខា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការសម្រេចបាននូវគោលបំណងសន្តិភាព ដែលជាក្តីប្រាថ្នារួម ។
អ៊ីរ៉ង់បានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួនលើច្រកសមុទ្រហ័រមូស បន្ទាប់ពីការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើទឹកដីអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយហាមឃាត់ការឆ្លងកាត់ដោយសុវត្ថិភាពនៃនាវាដែលជាប់ពាក់ព័ន្ធជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ៕
ប្រភព ៖ Xinhua ប្រែសម្រួល ៖ សារ៉ាត