ហ្ស៊េរុយសាឡិម ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រកាស កាលពីព្រហស្បតិ៍ថា កងទ័ពអ៊ីស្រាអែលនឹងនៅតែបន្តឈរជើងក្នុងប្រទេសលីបង់, ស៊ីរី ក៏ដូចជា នៅតំបន់ហ្គហ្សាដោយគ្មានថ្ងៃកំណត់ ។

ហ្ស៊េរុយសាឡិម ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រកាស កាលពីព្រហស្បតិ៍ថា កងទ័ពអ៊ីស្រាអែលនឹងនៅតែបន្តឈរជើងក្នុងប្រទេសលីបង់, ស៊ីរី ក៏ដូចជា នៅតំបន់ហ្គហ្សាដោយគ្មានថ្ងៃកំណត់ ។
លោក Israel Katz អះអាងថា ការដាក់ពង្រាយកងទ័ពបន្តឈរជើងនៅប្រទេសទាំងពីរ ព្រមទាំង តំបន់របស់ប៉ាឡេស្ទីន ដោយគ្មានថ្ងៃបញ្ចប់បែបនេះ គឺដើម្បីការពារទាហាន និង ប្រជាពលរដ្ឋអ៊ីស្រាអែល ។
លោកថា ប្រសិនបើ អ៊ីរ៉ង់ វាយប្រហារអ៊ីស្រាអែល ដោយសារតែសកម្មភាពរបស់យើង នៅក្នុងប្រទេសលីបង់ ឬ សម្រាប់ហេតុផលផ្សេងទៀត យើងនឹងមានកម្លាំងពេញលេញដើម្បីវាយប្រហារតបតវិញ ។
បើទោះបីជា មន្ត្រីក្រសួងការបរទេសអាមេរិក អះអាងថា អ៊ីស្រាអែលបានដកខ្លួនចេញពីផ្នែកមួយ នៃ តំបន់ការពារ នៅភាគខាងត្បូងប្រទេសលីបង់ក៏ដោយ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានរបស់កងកម្លាំងការពារអ៊ីស្រាអែលប្រាប់ថា អ៊ីស្រាអែលមិនបានដកទ័ពចេញទេ ហើយទីតាំងរបស់ទាហាន នៅក្នុងតំបន់សន្តិសុខ នៅទីនោះ គ្មានការរុះរើអ្វីទាំងអស់ផងដែរ ។
បើតាម TASS, នេះគឺជាសកម្មភាពដែលកំពុងរំលោភបំពានលើអនុស្សរណៈនៃការយោគយល់គ្នា ឬ MoU សន្តិភាពទាំង ១៤ ចំណុចដែលត្រូវបានចុះហត្ថលេខារវាងអាមេរិក និងអ៊ីរ៉ង់កាលពីថ្ងៃទី១៨ ខែមិថុនា ដោយផ្តល់នូវការបញ្ឈប់ជាបន្ទាន់នូវអរិភាព រួមទាំងប្រទេស លីបង់ ផងដែរ ។
យ៉ាងណា កាលពីថ្ងៃទី២២ ខែមិថុនា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និយាយថា យោធាអ៊ីស្រាអែលមិនបានបញ្ឈប់ការវាយប្រហារទៅលើលីបង់នោះទេ ពោលយោធាអ៊ីស្រាអែលទទួលការអនុញ្ញាតពីថ្នាក់ដឹកនាំរបស់ប្រទេស ដើម្បីធ្វើប្រតិបត្តិការដោយសេរី នៅក្នុងប្រទេសលីបង់ ដើម្បីការពារទប់ស្កាត់ រាល់ការគំរាមកំហែងនានា ៕
ប្រភព៖ Tass ប្រែសម្រួល ៖ សារ៉ាត
