វ៉ាស៊ីនតោន ៖ លីបង់, អ៊ីស្រាអែល និង អាមេរិក កាលពីថ្ងៃសុក្រ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌត្រីភាគី។ កម្មវិធីដែលប្រព្រឹត្តទៅ នៅទីក្រុងវ៉ាស៊ីនតោននេះ រៀបចំឡើង ក្នុងគោលបំណងត្រួសត្រាយផ្លូវ សម្រាប់កិច្ចព្រមព្រៀងសន្តិភាព រវាងបច្ចាមិត្តមជ្ឈិមបូព៌ា ដ៏យូរអង្វែងទាំងពីរ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយ នៅក្នុងពិធីចុះហត្ថលេខានេះថា កិច្ចព្រមព្រៀង ចាប់ផ្តើមដាក់ចេញនូវក្របខ័ណ្ឌសម្រាប់សន្តិភាព និងសន្តិសុខយូរអង្វែង។
ឯកអគ្គរដ្ឋទូតលីបង់ ប្រចាំនៅវ៉ាស៊ីនតោន លោក Nada Hamadeh Moawad បាននិយាយថា «កិច្ចព្រមព្រៀងនេះ ជាជំហានដំបូងនៅលើផ្លូវ ឆ្ពោះទៅរកការស្ដារឡើងវិញនូវអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសលីបង់ ដោយធានាឱ្យមានការបញ្ឈប់អរិភាពជាចុងក្រោយ ហើយ អនុញ្ញាតឱ្យប្រជាជនរបស់យើង ត្រឡប់ទៅទឹកដីរបស់ពួកគេវិញ»។
បេសកជនរបស់អ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិក លោក Yechiel Leiter បាននិយាយថា «នៅក្រោមកិច្ចព្រមព្រៀងនេះ អ៊ីរ៉ង់ និង ក្រុមហេសបូឡាត្រូវចាកចេញហើយ… ផ្លូវឆ្ពោះទៅរកសន្តិភាពរវាងអ៊ីស្រាអែល និងលីបង់ គឺស្ថិតនៅក្នុងនេះ» ។
បើតាម AFP , ក្រុម ហេសបូឡា បានទាញប្រទេសលីបង់ ចូលទៅក្នុងសង្រ្គាមមជ្ឈិមបូព៌ា កាន់តែទូលំទូលាយ នៅថ្ងៃទី២ ខែមីនា ជាមួយនឹងការបាញ់គ្រាប់រ៉ុក្កែត ដាក់អ៊ីស្រាអែល ក្នុងគោលបំណងសងសឹក ដល់ការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei អំឡុងការវាយប្រហាររួមគ្នា របស់សហរដ្ឋអាមេរិក និង អ៊ីស្រាអែល។
អ៊ីស្រាអែល បានឆ្លើយតបវិញ ជាមួយនឹងការវាយប្រហារ តាមអាកាសយ៉ាងខ្លាំងក្លា និងការលុកលុយតាមជើងគោក ហើយកងទ័ពរបស់ខ្លួននៅតែបន្តកាន់កាប់តំបន់ភាគខាងត្បូងនៃប្រទេសលីបង់ ជាកន្លែងដែលពួកគេបានវាយកម្ទេចផ្ទះ និង អគារផ្សេងៗទៀត៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត