មូស្គូ ៖ ប្រធានាធិបតីប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យ បានថ្លែងទទួលស្គាល់ពីការខ្វះខាតប្រេងឥន្ធនៈ បន្ទាប់ពីការវាយប្រហារ របស់ភាគីអ៊ុយក្រែន។

មូស្គូ ៖ ប្រធានាធិបតីប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យ បានថ្លែងទទួលស្គាល់ពីការខ្វះខាតប្រេងឥន្ធនៈ បន្ទាប់ពីការវាយប្រហារ របស់ភាគីអ៊ុយក្រែន។
លោក ពូទីន អះអាងបែបនេះ នៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចេញផ្សាយដោយវិមានក្រឹមឡាំង ពោលគឺបន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែន ម្តងហើយម្តងទៀត នៅក្នុងសង្គ្រាមរយៈពេលបួនឆ្នាំ របស់ប្រទេសគូជម្លោះទាំងពីរ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន រៀបរាប់ថា «ចំពោះការវាយប្រហារប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាទូទៅ និងហេដ្ឋារចនាសម្ព័ន្ធថាមពល ពិតជាបង្កើតបញ្ហាកង្វះប្រេងឥន្ធនៈ ហើយ ឥឡូវនេះ យើងកំពុងសង្កេតមើលការខ្វះខាតជាក់លាក់មួយ ប៉ុន្តែ វាមិនធ្ងន់ធ្ងរទេ»។
ការអះអាងនេះ ធ្វើឡើង បន្ទាប់ពី អាជ្ញាធរនៅតំបន់គ្រីមៀ ដែលជាឧបសម្ព័ន្ធរបស់រុស្ស៊ី កាលពីថ្ងៃសុក្រ បានប្រកាស “ស្ថានភាពអាសន្ន” ជុំវិញការខ្វះខាតប្រេងឥន្ធនៈ និងការដាច់ចរន្តអគ្គិសនី ដែលបង្កឡើងដោយការវាយប្រហាររបស់អ៊ុយក្រែន លើខ្សែសង្វាក់ដឹកជញ្ជូន និងទីតាំងប្រេងរបស់ខ្លួន។
នៅក្នុងបទសម្ភាសន៍នោះដែរ, លោក ពូទីន ក៏បានលើកឡើងអំពីក្តីរំពឹងដែលថា ក្រុមអ្នកចរចាអាមេរិក នឹងមកទីក្រុងមូស្គូ ដើម្បីពិភាក្សា អំពីការបញ្ចប់សង្រ្គាមអ៊ុយក្រែន៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

