តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃ អាទិត្យ បានជំរុញឱ្យសហរដ្ឋអាមេរិក ដាក់ឱសានវាទ ដើម្បីបង្ខំឱ្យអ៊ីស្រាអែលដកកងទ័ពចេញពីទឹកដីប្រទេសលីបង់ដោយគ្មានលក្ខខណ្ឌ ស្ថិតក្រោមអនុស្សរណៈយោគយល់គ្នា ដែលនឹងបញ្ចប់សង្គ្រាមរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បាននិយាយថា ការបញ្ចប់សង្រ្គាម និងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងលីបង់ ក៏ដូចជាការដកកងទ័ពឈ្លានពានកាន់កាប់ទឹកដីលីបង់ចេញទាំងអស់ គឺជាលក្ខខណ្ឌចាំបាច់ សម្រាប់ការឈានដល់កិច្ចព្រមព្រៀងសន្តិសុខចុងក្រោយ និងប្រកបដោយនិរន្តរភាព ដើម្បីបង្កើតស្ថិរភាពនៅក្នុងតំបន់ ។
បើតាមការសង្កត់ធ្ងន់របស់លោក Baqaei, អ៊ីរ៉ង់រំពឹងថា សហរដ្ឋអាមេរិកនឹងបំពេញតាមការសន្យារបស់ខ្លួន ស្ថិតក្រោមអនុស្សរណៈយោគយល់កន្លងមកនេះ ហើយត្រូវចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីបង្ខំឱ្យរបបស៊ីយ៉ូនី ឬអ៊ីស្រាអែល បញ្ឈប់រាល់ការឈ្លានពាន និងប្រតិបត្តិការយោធាប្រឆាំងនឹងតំបន់ទាំងអស់របស់លីបង់ ។
បើតាម Anadolu, ក្រុមហេសបូឡាបានអូសទាញប្រទេសលីបង់ឱ្យចូលរួមក្នុងសង្គ្រាមមជ្ឈិមបូព៌ានៅថ្ងៃទី២ ខែមីនា ជាមួយនឹងការបាញ់គ្រាប់រ៉ុក្កែតចូលទឹកដីអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ ដោយសារការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។
មិនបង្អង់យូរ អ៊ីស្រាអែលបានឆ្លើយតបវិញ ដោយយុទ្ធនាការវាយប្រហារតាមអាកាស និងការវាយលុកតាមជើងគោក ដោយអាជ្ញាធរលីបង់និយាយថា បានសម្លាប់ជីវិតមនុស្សច្រើនជាង ៤,១០០នាក់ និងច្រើនជាង ១លាននាក់បង្ខំចិត្តភៀសខ្លួនចាកចេញផ្ទះសម្បែង ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា