ប៉ារីស ៖ អាជ្ញាធរនៅក្នុងតំបន់ បាននិយាយថា យន្តហោះលោតឆ័ត្រយោង ១គ្រឿង បានធ្លាក់ កាលពីថ្ងៃអាទិត្យ នៅជិតទីក្រុង Tomblaine ភាគខាងកើត ប្រទេសបារាំង សម្លាប់មនុស្ស ទាំង១១នាក់ នៅលើយន្តហោះ។ អាជ្ញាធរក្នុងតំបន់ បាននិយាយថា នេះគឺជាឧបទ្ទវហេតុអាកាសចរណ៍ ដ៏សាហាវបំផុតមួយ របស់ប្រទេសបារាំង។
លោក Yves Seguy អភិបាលតំបន់ Meurthe-et-Moselle បាននិយាយថា ការធ្លាក់យន្តហោះនេះ បានសម្លាប់គ្រូបង្វិក ចំនួន ៥នាក់ និង អ្នករៀនលោតឆ័ត្រយោង ចំនួន ៥នាក់ ព្រមទាំង អ្នកបើកយន្តហោះម្នាក់។
រដ្ឋអាជ្ញានិយាយថា មូលហេតុនៃឧបទ្ទវហេតុនេះ មិនទាន់ច្បាស់នៅឡើយទេ ហើយការស៊ើបអង្កេតបច្ចេកទេស ត្រូវបានបើកធ្វើឡើង។
រដ្ឋមន្ត្រីដឹកជញ្ជូនបារាំង លោក Philippe Tabarot បាននិយាយថា មិនមានឧបទ្ទវហេតុ ធ្ងន់ធ្ងរបែបនេះ នៅក្នុងអាកាសចរណ៍ ទាក់ទងនឹងការលោតឆ័ត្រយោង អស់រយៈពេលប្រហែល ៣០ឆ្នាំ មកហើយ។ លោក Tabarot និង រដ្ឋមន្ត្រីមហាផ្ទៃ លោក Laurent Nunez បានចុះទៅមើលកន្លែងកើតហេតុ ដោយផ្ទាល់៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត