លោក Maros Sefcovic ស្នងការពាណិជ្ជកម្ម សហភាពអឺរ៉ុប និង លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានរៀបចំកិច្ចចរចាទ្វេភាគី កាលពីថ្ងៃចន្ទ ដោយបង្ហាញពីការប្តេជ្ញាចិត្តដូចគ្នាថា នឹងបន្តការសន្ទនា ធ្វើយ៉ាងណា ត្រូវតែបញ្ចៀសសង្គ្រាមពាណិជ្ជកម្ម កុំឲ្យកើតមានឡើង ជាដាច់ខាត។
ជំនួបនេះ ធ្វើឡើង ស្របពេលដែល សហភាពអឺរ៉ុប បានបង្វែរការយកចិត្តទុកដាក់របស់ខ្លួន ចំពោះប្រទេសចិន ខណៈដែលទីក្រុងព្រុចសែល ព្រួយបារម្ភចំពោះការបង្កើនអតុល្យភាពពាណិជ្ជកម្ម រវាងប្លុក ដែលមាន២៧ប្រទេសមួយនេះ និង ទីក្រុងប៉េកាំង ដែលជាមហាអំណាច នៅអាស៊ី។
បន្ទាប់ពីកិច្ចពិភាក្សា ពេញមួយថ្ងៃ នៅទីក្រុងព្រុចសែល, ស្នងការពាណិជ្ជកម្ម សហភាពអឺរ៉ុប លោក Maros Sefcovic បានប្រាប់អ្នកយកព័ត៌មានថា ការនាំចេញរបស់ចិន ទៅអឺរ៉ុប នៅតែបន្តកើនឡើង ខណៈដែលចំណែកទីផ្សាររបស់អឺរ៉ុប នៅក្នុងប្រទេសចិន បន្តធ្លាក់ចុះ ហើយនិន្នាការនេះ មិនមាននិរន្តរភាពទេ។
លោកអះអាងទៀតថា ភាគីទាំងពីរ បានព្រមព្រៀងគ្នាថា មន្ត្រីអឺរ៉ុប និងចិន គួរតែរក្សាការសន្ទនា, ផ្លាស់ប្តូរទិន្នន័យពាក់ព័ន្ធ, តាមដានលំហូរពាណិជ្ជកម្ម ព្រមទាំង ដោះស្រាយបញ្ហាផ្សេងៗទៀត ដោយសង្ឃឹមថា ជៀសវាងភាពតានតឹង ដែលអាចឈានទៅដល់ជម្លោះពាណិជ្ជកម្ម ជ្រុលហួសហេតុ។
បើតាម Straitstimes, អឺរ៉ុប និង ចិន បានដាក់បញ្ចូល «ការត្រួតពិនិត្យលើរ៉ែកម្រដែលត្រូវនាំចេញ» ជាប្រធានបទដ៏រសើបមួយ បន្ទាប់ពីមានការទប់ស្កាត់ការនាំចេញដ៏តឹងរ៉ឹងរបស់ទីក្រុងប៉េកាំង ក្នុងឆ្នាំ២០២៥ ដែលធ្វើឲ្យប្លុកអឺរ៉ុប ងាយរងគ្រោះ។
យ៉ាងណា លោក Sefcovic បាននិយាយថា លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានធានា ចំពោះការគ្រប់គ្រងទំហំនាំចេញដែលមានស្រាប់ ជុំវិញរ៉ែកម្រ និងមេដែកជាអចិន្រ្តៃយ៍ ថា នឹងមិនរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ របស់ EU នោះទេ៕
ប្រភព ៖ Straitstimes, ប្រែសម្រួល ៖ សារ៉ាត