កៀវ ៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky នៅថ្ងៃ ចន្ទ នេះ បានសើចចំអកចំៗដល់ប្រទេសរុស្ស៊ី ចំពោះការខ្វះខាតប្រេងឥន្ធនៈផ្គត់ផ្គង់នៅទូទាំងតំបន់ជាច្រើន ។

កៀវ ៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky នៅថ្ងៃ ចន្ទ នេះ បានសើចចំអកចំៗដល់ប្រទេសរុស្ស៊ី ចំពោះការខ្វះខាតប្រេងឥន្ធនៈផ្គត់ផ្គង់នៅទូទាំងតំបន់ជាច្រើន ។
មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយឌឺដងថា រុស្ស៊ី ដែលកាលពីមុន ធ្លាប់តែមើលងាយ និងហៅអ៊ុយក្រែនថា ជា «ស្ថានីយចម្រាញ់ប្រេង ឬស្ថានីយចាក់សាំង» នោះ ឥឡូវនេះបែរ ជាត្រូវ «អស់សាំងខ្លួនឯង» ទៅវិញ ។
ពាក្យសម្តីផ្លែផ្កានេះ ធ្វើឡើងបន្ទាប់ពីអ៊ុយក្រែនបានបង្កើនការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយ លើរោងចក្រចម្រាញ់ប្រេង និងឃ្លាំងស្តុកប្រេងសំខាន់ៗជាបន្តបន្ទាប់នៅក្នុងទឹកដីរុស្ស៊ី ។
ការវាយប្រហារទាំងនោះ បានបង្ខំឱ្យរោងចក្រចម្រាញ់ប្រេងរុស្ស៊ីមួយចំនួន ត្រូវបង្ខំចិត្តផ្អាកដំណើរការ ដើម្បីជួសជុល និងថែទាំ ហើយបញ្ហានេះ ធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកយ៉ាងខ្លាំង ។
បើតាម Anadolu, លោក Zelensky ដែលមានវ័យ៤៨ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ប្រជាជនរុស្ស៊ីនៅក្នុងតំបន់ជាច្រើន កំពុងតម្រង់ជួរគ្នាយ៉ាងវែងនៅតាមស្ថានីយនានា ដើម្បីរង់ចាំទិញប្រេង ។
លោកថា នេះគឺជាលទ្ធផលនៃការឆ្លើយតបដ៏សមស្រប និងចំគោលដៅយុទ្ធសាស្ត្ររបស់អ៊ុយក្រែន ទៅលើម៉ាស៊ីនសង្រ្គាមរបស់វិមានក្រឹមឡាំង ហើយវាមិនមែនជាទង្វើភេរវកម្មឡើយ ។
យ៉ាងណា លោកប្រធានាធិបតី Vladimir Putin បានអះអាងថា វិបត្តិនេះមិនទាន់ឈានដល់កម្រិតធ្ងន់ធ្ងរខ្លាំងនៅឡើយទេ ។
លោកថា រុស្ស៊ីកំពុងប្រញាប់ប្រញាល់ជួសជុលឡើងវិញ ព្រមទាំងចោទប្រកាន់ការវាយប្រហាររបស់អ៊ុយក្រែនថា ជាទង្វើភេរវកម្មលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ។
យោងតាម Ukrinform, មានតំបន់ជាង ៦០ នៅក្នុងប្រទេសរុស្ស៊ី ដែលកំពុងជួបប្រទះបញ្ហាខ្វះខាត និងការកើនឡើងតម្លៃប្រេងឥន្ធនៈយ៉ាងគំហុក ។
វិបត្តិនេះ បានបង្ហាញពីប្រសិទ្ធភាពនៃយុទ្ធសាស្ត្រវាយប្រហាររយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន ដែលមិនត្រឹមតែរំខានដល់ការផ្គត់ផ្គង់ភស្តុភាររបស់កងទ័ពរុស្ស៊ីនៅសមរភូមិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំសម្ពាធសង្គ្រាមឱ្យចូលទៅដល់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនរុស្ស៊ីផ្ទាល់ថែមទៀតផង ៕
ប្រភព ៖ Anadolu និង Ukrinform ប្រែសម្រួល ៖ ឈឹម ទីណា

