ប្រទេសអ៊ីរ៉ង់បានបោះសម្តីព្រមានទុកមុនថា ខ្លួននឹងធ្វើការឆ្លើយតបភ្លាមៗ ប្រសិនបើសហរដ្ឋអាមេរិកហ៊ានរំលោភបំពានអនុស្សរណៈយោគយល់គ្នា ដែលបានឈានដល់កាលពីពេលថ្មីៗនេះ ។

ប្រទេសអ៊ីរ៉ង់បានបោះសម្តីព្រមានទុកមុនថា ខ្លួននឹងធ្វើការឆ្លើយតបភ្លាមៗ ប្រសិនបើសហរដ្ឋអាមេរិកហ៊ានរំលោភបំពានអនុស្សរណៈយោគយល់គ្នា ដែលបានឈានដល់កាលពីពេលថ្មីៗនេះ ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បានអះអាងច្បាស់ៗកាលពីថ្ងៃ អង្គារ ថា ប្រទេសអ៊ីរ៉ង់នឹងធ្វើការឆ្លើយតបភ្លាមៗ ចំពោះការរំលោភបំពានណាមួយពីសំណាក់សហរដ្ឋអាមេរិក ទៅលើអនុស្សរណៈយោគយល់គ្នា ដែលមានគោលបំណងបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ាជាអចិន្ត្រៃយ៍ ។
លោក Baqaei ដែលមានវ័យ៥១ឆ្នាំរូបនេះ បានព្រមានធ្ងន់ៗថា យើងនឹងមិនទុកឱ្យសកម្មភាពណាមួយកន្លងហួសដោយគ្មានការឆ្លើយតបនោះឡើយ ។
លោកថា ដូចដែលកងកម្លាំងប្រដាប់អាវុធដ៏មានអំណាចរបស់អ៊ីរ៉ង់ បានបង្ហាញរួចមកហើយថា រាល់ទង្វើឈ្លានពានណាមួយប្រឆាំងនឹងគោលដៅរបស់ទីក្រុងតេហេរ៉ង់ នឹងត្រូវប្រឈមមុខនូវការឆ្លើយតបភ្លាមៗ និងម៉ឺងម៉ាត់បំផុត ។
អ្នកនាំពាក្យរួបនេះ បានសង្កត់ធ្ងន់ទៀតថា សកម្មភាពបែបនោះ នឹងបង្កើតឱ្យមានការរំលោភបំពានលើមាត្រា ១ នៃអនុស្សរណយោគយល់គ្នា ។ លោកថា ជាធម្មតា ប្រសិនបើការរំលោភបំពានបែបនេះនៅតែបន្តកើតមាន និងអូសបន្លាយ នោះដំណើរការឈានទៅមុខនៃកិច្ចព្រមព្រៀងនេះ នឹងត្រូវជួបប្រទះនូវផលលំបាកជាមិនខាន ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

