មូស្គូ ៖ វិមានក្រឹមឡាំង បានបញ្ជាក់ កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលរុស្ស៊ីកំពុងចរចា ជាមួយប្រទេសផ្សេងទៀត ដើម្បីទិញប្រេងឥន្ធនៈពីបរទេសដ៏កម្រ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន វាយប្រហារផ្ទួនៗ ទៅលើរោងចក្រចម្រាញ់ និង ហេដ្ឋារចនាសម្ព័ន្ធថាមពល ក្នុងប្រទេស ជាហេតុនាំឲ្យប៉ះពាល់ដល់ការបែងចែកប្រេងឥន្ធនៈប្រើប្រាស់ ជាប្រចាំថ្ងៃ។
នេះគឺជាលើកដំបូងហើយ ដែលរុស្ស៊ីត្រូវទិញថាមពលពីក្រៅប្រទេស ពោលគឺចាប់តាំងពីសម័យក្រោយសូវៀត។ យោងតាមទិន្នន័យ របស់អង្គការសហប្រជាជាតិ, ការនាំចូលប្រេងសាំងទ្រង់ទ្រាយធំ ទៅកាន់ប្រទេសរុស្ស៊ី ត្រូវបានកត់ត្រាចុងក្រោយ នៅក្នុងទសវត្សរ៍ ឆ្នាំ១៩៩០ ដោយពេលនោះ រុស្ស៊ីទិញច្រើនជាង ២លានតោន ក្នុងមួយឆ្នាំ ដើម្បីបំពេញកង្វះខាត នៅក្នុងស្រុក។
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានប្រាប់អ្នកយកព័ត៌មាន អំឡុងពេលសន្និសីទសង្ខេបប្រចាំថ្ងៃថា ការពិភាក្សាកំពុងប្រព្រឹត្តទៅយ៉ាងសកម្ម ប៉ុន្តែ លោកបដិសេធ មិនបញ្ចេញឈ្មោះប្រទេសជាក់លាក់ ដែលត្រូវទិញប្រេងនោះទេ។
យ៉ាងណា ថ្មីៗនេះ ប្រភពពីឧស្សាហកម្មប្រេងរុស្ស៊ី បានឲ្យដឹងថា ប្រទេសនេះ កំពុងពិភាក្សាអំពីការនាំចូលប្រេងសាំងកម្រិត AI-92 ចំនួន ៥០,០០០តោន ពីប្រទេសកាហ្សាក់ស្ថាន។ តែ រដ្ឋមន្ត្រីថាមពល កាហ្សាក់ស្ថាន បាននិយាយថា ទីក្រុងមូស្គូ មិនទាន់ឈានដល់ការទទួលយកការផ្គត់ផ្គង់ ជាផ្លូវការ នៅឡើយនោះទេ។
កាលពីចុងសប្តាហ៍ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងទទួលស្គាល់ថា រុស្ស៊ីកំពុងប្រឈមមុខនឹងការខ្វះខាតប្រេងឥន្ធនៈ បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែន នាពេលថ្មីៗនេះ។ លោកប៉ាន់ប្រមាណថា ទុនបម្រុងប្រេងសាំងសរុបរបស់រុស្ស៊ី មានចំនួន១.៧លានតោន ធ្លាក់ចុះ ៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ទន្ទឹមនឹងនេះដែរ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បាននិយាយថា ការនាំចូលប្រេងសាំង តំណាងឱ្យវិធានការសំខាន់មួយ ដើម្បីរក្សាស្ថិរភាពទីផ្សារឥន្ធនៈក្នុងស្រុក។ ការកត់សម្គាល់របស់ លោក Novak បានធ្វើឡើង បន្ទាប់ពីសមាជិកសភា ទើបបានអនុម័តវិធានការ ឈានទៅបង្កើតឲ្យមានការឧបត្ថម្ភធនពីរដ្ឋាភិបាល ដើម្បីផ្តល់មូលនិធិ ដល់ការនាំចូលប្រេងសាំងពីបរទេស។
បើតាម The Moscow Times, រុស្ស៊ី ដែលជាប្រទេសនាំចេញប្រេងឆៅធំជាងគេទីពីរ របស់ពិភពលោក និងជាប្រទេសនាំចេញផលិតផលប្រេងចម្រាញ់ធំជាងគេទីបី បានធ្លាក់ចុះការផលិតប្រេងសាំង ២៥% បន្ទាប់ពីការវាយប្រហារ ដោយដ្រូន របស់អ៊ុយក្រែន ខណៈដែល រោងចក្រចម្រាញ់ប្រេងធំៗមួយចំនួន ត្រូវបង្ខំចិត្តបិទទ្វារ។
តម្លៃប្រេងសាំងនៅក្នុងប្រទេសរុស្ស៊ី បានកើនឡើង ៩.៨% ចាប់តាំងពីដើមឆ្នាំនេះ ៕
ប្រភព ៖ The Moscow Times ប្រែសម្រួល ៖ សារ៉ាត