ហ្សឺណែវ ៖ អង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃអង្គារថា ការផ្ទុះឡើងនៃមេរោគអេបូឡា អាចធ្វើឱ្យសេដ្ឋកិច្ចទ្វីបអាហ្វ្រិកខាតបង់រហូតដល់ ៣ ពាន់ ៦០០ លានដុល្លារ ខណៈការងាររាប់សែនកន្លែងត្រូវបានបិទទ្វារ ។

ហ្សឺណែវ ៖ អង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃអង្គារថា ការផ្ទុះឡើងនៃមេរោគអេបូឡា អាចធ្វើឱ្យសេដ្ឋកិច្ចទ្វីបអាហ្វ្រិកខាតបង់រហូតដល់ ៣ ពាន់ ៦០០ លានដុល្លារ ខណៈការងាររាប់សែនកន្លែងត្រូវបានបិទទ្វារ ។
បើតាមកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ហៅកាត់ UNDP, វីរុសដ៏កាចសាហាវនេះ ក៏អាចនឹងរុញច្រានឲ្យប្រជាជនកុងហ្គោជិត ១ លាននាក់ថែមទៀត ធ្លាក់ចូលទៅក្នុងភាពក្រីក្រផងដែរ ។
ថ្លែងក្នុងសន្និសិទកាសែតពីទីក្រុងហ្សឺណែវ អ្នកតំណាង UNDP ប្រចាំប្រទេសកុងហ្គោ លោក Damien Mama និយាយថា បច្ចុប្បន្ននេះ ប្រជាជនកុងហ្គោ ៦ នាក់ក្នុងចំណោម ១០ នាក់ កំពុងរស់នៅក្រោមបន្ទាត់ក្រីក្ររួចទៅហើយ ។
លោក Damien Mama ព្រមានថា ការផ្ទុះឡើងនៃវីរុសអេបូឡា នឹងធ្វើឱ្យកុងហ្គោខាតបង់ជាង ១ ពាន់លានដុល្លារ និងការងារចំនួន ៥៥,០០០ កន្លែង បើទោះបីជាមេរោគនេះត្រូវបានគ្រប់គ្រងបានក៏ដោយ ។
អ្នកតំណាង UNDP រូបនេះ សង្កត់ធ្ងន់ថា គ្រោះមហន្តរាយនៃជំងឺអេបូឡានៅកុងហ្គោ មិនមែនត្រឹមតែជាវិបត្តិសុខភាពក្នុងតំបន់នោះទេ តែវាអាចនឹងកាត់បន្ថយផលិតផលក្នុងស្រុកសរុប (GDP) របស់ទ្វីបអាហ្វ្រិករហូតដល់ ២ ពាន់ ៣៧០ លានដុល្លារផងដែរ ។
បើតាម Anadolu, គិតត្រឹមសប្តាហ៍នេះ ប្រទេសកុងហ្គោ និងអ៊ូហ្គង់ដា បានកត់ត្រាករណីឆ្លងជំងឺអេបូឡាជាង ១,៤០០ ករណី និងស្លាប់ចំនួន ៣៥០ នាក់ ខណៈ UNDP ព្រមានថា ទិន្នន័យនេះនឹងហក់ឡើងថែមទៀត ដោយសារតែវាមិនទាន់មានវ៉ាក់សាំងព្យាបាលនៅឡើយ ។
គួរបញ្ជាក់ថា ជំងឺអេបូឡាប្រភេទ Bundibugyo នៅពុំទាន់មានវ៉ាក់សាំង និងថ្នាំព្យាបាលនៅឡើយទេ ។ វីរុសនេះ ត្រូវបានរកឃើញដំបូងបង្អស់កាលពីឆ្នាំ ២០០៧ ក្នុងប្រទេសអ៊ូហ្កាន់ដា ។
ក្រោយមក មេរោគដ៏កាចសាហាវនេះ ត្រូវបានអង្គការសុខភាពពិភពលោក (WHO) ប្រកាសដាក់ជា “ភាពអាសន្នផ្នែកសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ” កាលពីខែឧសភា ឆ្នាំ ២០២៦ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

