តូក្យូ ៖ ជប៉ុន បានដាក់ពង្រាយប្រព័ន្ធមីស៊ីលដែលទើបតែធ្វើទំនើបកម្មថ្មីរបស់ខ្លួន តាមកោះរបស់ខ្លួន នៅចុងខាងកើតប្រទេសរបស់ខ្លួនកាលចុងសប្តាហ៍មុន ដើម្បីពង្រឹងប្រព័ន្ធការពារទប់ទល់ជាមួយសត្រូវ។ នេះបើតាមការប្រកាសរបស់កងកម្លាំងស្វ័យការពារជើងគោកជប៉ុន (GSDF) ។

តូក្យូ ៖ ជប៉ុន បានដាក់ពង្រាយប្រព័ន្ធមីស៊ីលដែលទើបតែធ្វើទំនើបកម្មថ្មីរបស់ខ្លួន តាមកោះរបស់ខ្លួន នៅចុងខាងកើតប្រទេសរបស់ខ្លួនកាលចុងសប្តាហ៍មុន ដើម្បីពង្រឹងប្រព័ន្ធការពារទប់ទល់ជាមួយសត្រូវ។ នេះបើតាមការប្រកាសរបស់កងកម្លាំងស្វ័យការពារជើងគោកជប៉ុន (GSDF) ។
ប្រព័ន្ធមីស៊ីលដែលត្រូវបានដាក់ពង្រាយនេះ ជាប្រភេទម៊ីស៊ីល Type-១២ ដែលធ្វើទំនើបកម្មឱ្យបានឆ្ងាយ និងខ្លាំងជាងមុន។
អ្នកវិភាគជឿថា វាអាចបាញ់បានចម្ងាយប្រហែល ១,០០០ គីឡូម៉ែត្រ ខណៈមុនធ្វើទំនើបកម្មវា អាចបាញ់បានត្រឹមតែ ១០០គីឡូម៉ែត្រប៉ុណ្ណោះ។
បើតាម AP, មីស៊ីល Type-១២ ត្រូវបានអភិវឌ្ឍ និងផលិតដោយក្រុមហ៊ុន Mitsubishi Heavy Industries ។ វាគឺជាប្រភេទមីស៊ីលផលិតក្នុងស្រុករបស់ប្រទេសជប៉ុន ដែលមានសមត្ថភាពខ្លាំង តាំងពីពេលបាញ់ចេញដំបូង រហូតដល់បញ្ចប់ការកម្ទេចគោលដៅសត្រូវ ។
កងកម្លាំង GSDF បានប្រកាសលើបណ្តាញសង្គម កាលពីថ្ងៃទី២៨ ខែមិថុនា ថា ខ្លួនបានដាក់ពង្រាយប្រព័ន្ធមីស៊ីល Type-12 និងយន្តហោះគ្មានមនុស្សបើកស៊ើបការណ៍នៅលើកោះ មីណាមីតូរីស៊ីម៉ា (Minamitorishima) កាលពីខែមិថុនា ។
កោះ មីណាមីតូរីស៊ីម៉ា គឺជាផ្នែកមួយនៃប្រជុំកោះ អូហ្គាសាវ៉ារ៉ា (Ogasawara) ហើយវាមានចម្ងាយប្រហែល ២,០០០ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃកោះ ហុងស៊ូ (Honshu) ដែលជាកោះយុទ្ធសាស្រ្តដ៏សំខាន់របស់ប្រទេសជប៉ុន ។
ជាមួយគ្នានេះ ក្រុមអ្នកវិភាគបានចាត់ទុកការដាក់ពង្រាយប្រព័ន្ធមីស៊ីល Type-12 ថា ជាផ្នែកមួយនៃការប៉ុនប៉ងរបស់ជប៉ុន នៅក្នុងពង្រឹងប្រព័ន្ធការពារខ្លួននៅខាងតំបន់ប៉ាស៊ីហ្វិក ដើម្បីឆ្លើយតបបញ្ហាប្រឈមកំពុងកើនឡើងក្នុងតំបន់ ជាពិសេសភាពតានតឹងជាមួយមហាយក្សចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ ។
បើតាម NHK, កងកម្លាំង GSDF របស់ជប៉ុន បានអះអាងថា ខ្លួនបានធ្វើតេស្តប្រព័ន្ធមីស៊ីល Type-12 រួចរាល់ហើយ និងថា គ្រឿងបរិក្ខារដែលបានពង្រាយទាំងនោះ អាចដំណើរការបានហើយនៅលើកោះនោះ ។
កងកម្លាំង GSDF សង្ឃឹមថា ពួកគេនឹងអាចចាប់ផ្តើមការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅដើមឆ្នាំសារពើពន្ធក្រោយ ពោលគឺនឹងចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ ២០២៧ខាងមុខ ៕
ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា
