តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានថ្លែងអះអាងថា ការចុះអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងនានាដែលសម្រេចបានថ្មីៗនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពនៃការនាំចេញប្រេងរបស់ប្រទេសអ៊ីរ៉ង់ និងបន្ធូរបន្ថយការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុ ព្រមទាំងបើកផ្លូវថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់, លោកប្រធានាធិបតី Pezeshkian បានលើកឡើងកាលពីថ្ងៃ ពុធ ថា ការបន្តនាំចេញប្រេង ការបន្ធូរបន្ថយការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុ និងការប្តូរប្រាក់បរទេសមួយចំនួន រួមទាំងការបង្កើតឱកាសថ្មីៗ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច គឺជាសមិទ្ធផលគន្លឹះ ដែលទទួលបានពីការចុះអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងនាពេលថ្មីៗនេះ រវាងអ៊ីរ៉ង់-សហរដ្ឋអាមេរិក ។
ប្រធានាធិបតីអ៊ីរ៉ង់មានវ័យ៧១ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ទៀតថា ជាមួយនឹងអត្ថប្រយោជន៍ដ៏ច្រើននេះ រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ក៏មានផែនការពង្រឹងគោលនយោបាយនានា ដែលមានគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងពង្រីកកម្មវិធីគាំពារសង្គមផងដែរ ។
បើតាម Anadolu, ក្រុមអ្នកចរចាជាន់ខ្ពស់មកពីប្រទេសអ៊ីរ៉ង់ កាតា និងប៉ាគីស្ថាន បានបើកកិច្ចពិភាក្សាត្រីភាគីនៅក្នុងទីក្រុងដូហា កាលពីថ្ងៃ ពុធ ដើម្បីពិនិត្យមើលឡើងវិញនូវវឌ្ឍនភាព នៃការអនុវត្តអនុស្សរណៈយោគយល់គ្នា ដែលបានចុះហត្ថលេខានាពេលថ្មីៗនេះរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណងបញ្ចប់សង្រ្គាមរវាងប្រទេសទាំងពីរ ។
អនុស្សរណៈយោគយល់គ្នានេះ បានបើកផ្លូវឱ្យភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ រវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ តាមរយៈការចរចាការទូត ។
ក្នុងនោះរួមមានការបញ្ឈប់អរិភាព ការបន្ធូរបន្ថយទណ្ឌកម្ម កម្មវិធីនុយក្លេអ៊ែរ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ព្រមទាំងការរៀបចំសន្តិសុខក្នុងតំបន់ឱ្យកាន់តែទូលំទូលាយ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា