ប៊ែរឡាំង៖ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte នៅថ្ងៃ ពុធ បានព្រមានធ្ងន់ៗថា ប្រទេសរុស្ស៊ីនឹងនៅតែបន្តដើរតួជាការគំរាមកំហែងរយៈពេលវែងដល់សន្តិសុខតំបន់អឺរ៉ុប-អាត្លង់ទិក ទោះបីជាសង្រ្គាមប្រឆាំងអ៊ុយក្រែនបញ្ចប់ក៏ដោយ ។

ប៊ែរឡាំង៖ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte នៅថ្ងៃ ពុធ បានព្រមានធ្ងន់ៗថា ប្រទេសរុស្ស៊ីនឹងនៅតែបន្តដើរតួជាការគំរាមកំហែងរយៈពេលវែងដល់សន្តិសុខតំបន់អឺរ៉ុប-អាត្លង់ទិក ទោះបីជាសង្រ្គាមប្រឆាំងអ៊ុយក្រែនបញ្ចប់ក៏ដោយ ។
ថ្លែងក្នុងសន្និសីទកាសែតនៅទីក្រុងប៊ែរឡាំង ជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz, ប្រមុខណាតូរូបនេះ បានជំរុញឱ្យបណ្តាប្រទេសសម្ព័ន្ធមិត្ត បន្តរក្សាសម្ពាធលើរុស្ស៊ី បង្កើនការត្រៀមលក្ខណៈការពារជាតិឱ្យបានលឿន និងបង្កើនការវិនិយោគឱ្យកាន់តែខ្លាំងក្លាថែមទៀតនៅក្នុងឧស្សាហកម្មការពារជាតិ ។
លោក Rutte បានគូសបញ្ជាក់ថា ទោះបីជាបណ្តាប្រទេសនៅអឺរ៉ុបកំពុងផ្តល់ការគាំទ្រយ៉ាងធំសម្បើមដល់អ៊ុយក្រែនក៏ដោយ ក៏ការបន្តគាំទ្រពីសហរដ្ឋអាមេរិកនៅតែជាកត្តាគន្លឹះ ក្នុងការរក្សាសមត្ថភាពការពារជាតិរបស់អ៊ុយក្រែន ។
លោក Rutte ដែលមានវ័យ៥៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃប្រព័ន្ធការពារដែនអាកាស Patriot របស់អាមេរិក ក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន ដូចជាទីតាំងថាមពល និងតំបន់ប្រជុំជនក្នុងទីក្រុងជាដើម ។ លោកថា មានតែសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលអាចធ្វើរឿងនេះក្នុងទ្រង់ទ្រាយធំបាន រួមទាំងការជួយជ្រោមជ្រែងតាមរបៀបជាច្រើនផ្សេងទៀត ។
បើតាមរ៉យទ័រ, សហរដ្ឋអាមេរិក គឺជាប្រទេសផ្តល់ជំនួយធំបំផុតមួយដល់អ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីក្នុងឆ្នាំ២០២២មក ដោយបានបញ្ជូនជំនួយសរុបមានតម្លៃរាប់ពាន់លានដុល្លារ។
យោងតាមវេបសាយ Statista, ចាប់តាំងពីឆ្នាំ២០២២មក សហរដ្ឋអាមេរិកបានផ្តល់ជំនួយសរុបជាង ១៣១ ពាន់លានដុល្លារដល់អ៊ុយក្រែន ក្នុងនោះរួមមានទាំងជំនួយយោធា ហិរញ្ញវត្ថុ និងមនុស្សធម៌ជាដើម ៕


ប្រភព ៖ Anadolu, Statista និង រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា
