ប៉េកាំង ៖ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានព្រមានទៅដល់សហរដ្ឋអាមេរិក ឱ្យដោះស្រាយបញ្ហាកោះតៃវ៉ាន់ដោយប្រុងប្រយ័ត្នជាទីបំផុត និងអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោនពង្រីកកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងហានិភ័យជាមួយទីក្រុងប៉េកាំង ។
ការព្រមានរបស់លោក Wang Yi កើតមានឡើងនៅក្នុងជំនួបតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio កាលពីថ្ងៃ អង្គារ ។
បើតាម Xinhua, លោក Wang Yi បាននិយាយត្រង់ៗទៅកាន់លោក Rubio ថា ចិន និងសហរដ្ឋអាមេរិក គួរតែរួមគ្នាលុបបំបាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ជម្នះរាល់ឧបសគ្គនានា និងបន្តដើរលើផ្លូវដ៏ត្រឹមត្រូវមួយយ៉ាងរឹងមាំ ឆ្ពោះទៅរកការកសាងទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីស្ថាបនា និងមានស្ថិរភាពជាយុទ្ធសាស្ត្រ ។
ប្រមុខការទូតចិនវ័យ ៧២ ឆ្នាំរូបនេះសង្កត់ធ្ងន់ថា ការកសាងទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីស្ថាបនា និងមានស្ថិរភាពជាយុទ្ធសាស្ត្រនេះ គឺស្តែងចេញពីបំណងប្រាថ្នារបស់ប្រជាជាតិទាំងពីរ ដើម្បីឆ្លើយតបការរំពឹងទុករបស់សហគមន៍អន្តរជាតិ និងបម្រើដល់ផលប្រយោជន៍ជាមូលដ្ឋាននៃប្រទេសទាំងពីរ ។
លោក Wang Yi អះអាងទៀតថា ភាគីទាំងពីរគួរតែប្រកាន់ខ្ជាប់ជានិច្ច នូវស្មារតីសមភាព ការគោរពគ្នាទៅវិញទៅមក និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ។
លោកថា ចិន និងសហរដ្ឋអាមេរិក ក៏គួរតែបំប្លែងការឯកភាពគ្នាដ៏មានសារៈសំខាន់ ដែលសម្រេចបានដោយប្រមុខរដ្ឋទាំងពីរ ឱ្យទៅជាគោលនយោបាយជាក់លាក់ និងវិធានការអនុវត្តជាក់ស្តែងផងដែរ ។
យោងតាម South China Morning Post, នេះគឺជាការទាក់ទងគ្នាកម្រិតគណៈរដ្ឋមន្ត្រីលើកដំបូង ចាប់តាំងពីមានដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធានាធិបតី Donald Trump ទៅកាន់ប្រទេសចិន កាលពីពាក់កណ្តាលខែឧសភាកន្លងទៅ ។
នៅពេលនោះ មហាអំណាចគូប្រជែងទាំងពីរបានឈានដល់ការព្រមព្រៀងគ្នា លើ “ចក្ខុវិស័យថ្មីមួយ” ក្នុងការកសាងទំនាក់ទំនងចិន និងសហរដ្ឋអាមេរិក ក្នុងស្មារតីស្ថាបនា និងមានស្ថិរភាពជាយុទ្ធសាស្ត្រ ។
យ៉ាងណា ទំនាក់ទំនងចិន និងសហរដ្ឋអាមេរិកនៅតែជួបភាពរង្គោះរង្គើ ក្រោយទីក្រុងវ៉ាស៊ីនតោនបានដាក់បញ្ចូលក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន មានដូចជាAlibaba, BYD និងBaidu រួមទាំងក្រុមហ៊ុនចិនរាប់សិបផ្សេងទៀត ទៅក្នុងបញ្ជីខ្មៅ ដោយចោទប្រកាន់មានជាប់ពាក់ព័ន្ធនឹងយោធាចិន ។
មិនបង្អង់យូរ ទីក្រុងប៉េកាំងបានសងសឹកវិញភ្លាមៗ ដោយបានដាក់បញ្ចូលក្រុមហ៊ុនចំនួន ១០ របស់សហរដ្ឋអាមេរិកទៅក្នុងបញ្ជីគ្រប់គ្រងការនាំចេញរបស់ខ្លួន ក្នុងនោះរួមមានទាំងក្រុមហ៊ុនរុករករ៉ែកម្រចំនួនពីរផងដែរ ៕
ប្រភព ៖ Anadolu និង South China Morning Post ប្រែសម្រួល ៖ ឈឹម ទីណា



























