តេហេរ៉ង់ ៖ កងទ័ពអ៊ីរ៉ង់ នៅថ្ងៃ ព្រហស្បតិ៍ បានព្រមានធ្ងន់ៗថា ការបន្តមានវត្តមាននៃយន្តហោះយោធា ទាំងមានមនុស្សបើក និងគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកនៅច្រកសមុទ្រ Hormuz គំរាមកំហែងដល់សន្តិសុខក្នុងតំបន់ ។
បន្ថែមពីលើការព្រមាន កងទ័ពអ៊ីរ៉ង់ថែមទាំងបានសន្យាថា នឹងធ្វើការឆ្លើយតបយ៉ាងឆាប់រហ័ស និងម៉ឺងម៉ាត់បំផុត ចំពោះការជ្រៀតជ្រែកណាមួយរបស់សហរដ្ឋអាមេរិក នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនេះ ។
ការព្រមានរបស់អ៊ីរ៉ង់នេះ ធ្វើឡើងបន្ទាប់ពីបញ្ជាការដ្ឋានកណ្តាលអាមេរិក ហៅកាត់ (CENTCOM) បានដឹកនាំកិច្ចសន្ទនាសន្តិសុខមួយនៅប្រទេសបារ៉ែន ជាមួយប្រទេសចំនួន ១២ ។
កិច្ចប្រជុំនោះ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរក្សាសេរីភាពនៃការធ្វើពាណិជ្ជកម្មតាមច្រកសមុទ្រ Hormuz ដែលធ្វើឱ្យអ៊ីរ៉ង់ខឹងសម្បារយ៉ាងខ្លាំង ។
បើតាម Anadolu, ទីស្នាក់ការកណ្តាលអ៊ីរ៉ង់ Khatam al-Anbiya បានព្រមានទុកមុនថា អ៊ីរ៉ង់នឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការចាត់វិធានការទប់ស្កាត់ការឈ្លានពាន និងការរំលោភបំពានណាមួយដោយយោធាអាមេរិក និងអ្នកគាំទ្ររបស់ខ្លួន ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួននៅច្រកសមុទ្រ Hormuz ។
ទីស្នាក់ការកណ្តាលនេះ បានពិពណ៌នាច្រកសមុទ្រ Hormuz ថា ជា “ទឹកដីអធិបតេយ្យរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់” ហើយថា សន្តិសុខ និងស្ថិរភាពរបស់ផ្លូវទឹកយុទ្ធសាស្ត្រនេះ បង្កើតបានជា “ខ្សែបន្ទាត់ក្រហម” សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា




























