ព្រុចសែល ៖ ប្រទេសបែលហ្ស៊ិកមានគម្រោងចំណាយលុយរហូតដល់ ៣,៥ ពាន់លានដុល្លារ ដើម្បីទិញប្រព័ន្ធការពារដែនអាកាស NASAMS និង Skyranger ក្នុងគោលបំណងពង្រឹងសមត្ថភាពយោធារបស់ខ្លួន ។

ព្រុចសែល ៖ ប្រទេសបែលហ្ស៊ិកមានគម្រោងចំណាយលុយរហូតដល់ ៣,៥ ពាន់លានដុល្លារ ដើម្បីទិញប្រព័ន្ធការពារដែនអាកាស NASAMS និង Skyranger ក្នុងគោលបំណងពង្រឹងសមត្ថភាពយោធារបស់ខ្លួន ។
បើតាម Strait times, បែលហ្ស៊ិកគ្រោងនឹងទិញប្រព័ន្ធបាញ់បង្ហោះមីស៊ីលការពារដែនអាកាសធុនកម្រិតខ្ពស់ NASAMS ចំនួន ១០ គ្រឿង ពីក្រុមហ៊ុន Kongsberg របស់ប្រទេសន័រវេស ។
បន្ថែមលើនេះ បែលហ្ស៊ិកក៏នឹងទិញប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្លី Skyranger ចំនួន ២០ គ្រឿង ពីក្រុមហ៊ុន Rheinmetall របស់ប្រទេសអាល្លឺម៉ង់ផងដែរ ។
ការវិនិយោគដ៏ធំនេះ ធ្វើឡើងក្នុងគោលបំណងបំពេញចន្លោះប្រហោង នៃប្រព័ន្ធការពារដែនអាកាសរបស់បែលហ្ស៊ិក និងដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងទីស្នាក់ការកណ្តាលរបស់អង្គការ NATO នៅក្នុងទីក្រុងព្រុចសែល ។
យោងតាមការលើកឡើងរបស់មន្ត្រីបែលហ្ស៊ិក, ប្រទេសខ្លួននឹងប្រើប្រាស់កិច្ចសន្យាក្របខណ្ឌរួមគ្នាជាមួយប្រទេសហូឡង់ ដើម្បីពន្លឿនដំណើរការទិញប្រព័ន្ធការពារដែនអាកាសទាំងនេះឱ្យបានលឿន ។
យ៉ាងណា គម្រោងខ្នាតធំនេះ ទាមទារការឆ្លងកាត់ការអនុម័តពីក្រុមប្រឹក្សារដ្ឋមន្ត្រីរបស់បែលហ្ស៊ិកជាមុនសិន ហើយត្រូវបានរំពឹងថា នឹងប្រកាសជាផ្លូវការនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការ NATO នៅក្នុងរដ្ឋធានីអង់ការ៉ា ប្រទេសតួកគី នាសប្តាហ៍ក្រោយ ៕



ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
