តេហេរ៉ង់ ៖ មេដឹកនាំ និង តំណាង មកពីជាង ១០០ ប្រទេស បានសម្រេចទៅចូលរួមពិធីបុណ្យសព របស់អតីតមេដឹកនាំកំពូល អ៊ីរ៉ង់ លោក Ali Khamenei ដែលត្រូវចាប់ផ្តើមជាផ្លូវការ នៅថ្ងៃសុក្រនេះ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអ៊ីរ៉ង់ IRIB។

តេហេរ៉ង់ ៖ មេដឹកនាំ និង តំណាង មកពីជាង ១០០ ប្រទេស បានសម្រេចទៅចូលរួមពិធីបុណ្យសព របស់អតីតមេដឹកនាំកំពូល អ៊ីរ៉ង់ លោក Ali Khamenei ដែលត្រូវចាប់ផ្តើមជាផ្លូវការ នៅថ្ងៃសុក្រនេះ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអ៊ីរ៉ង់ IRIB។
លោក Khamenei ត្រូវបានសម្លាប់ ក្នុងអាយុ ៨៦ ឆ្នាំ អំឡុងការវាយប្រហារតាមអាកាសរួមគ្នា រវាងសហរដ្ឋអាមេរិក និង អ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលជាថ្ងៃដំបូង នៃសង្គ្រាមប្រឆាំងលើអ៊ីរ៉ង់។
បើតាម Aljazeera, ក្នុងចំណោមតំណាង ជាង១០០ប្រទេស, មានមេដឹកនាំ ចំនួន ៣ ប្រទេស ដែលត្រូវចូលរួមផ្ទាល់ រួមមាន នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif, នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan, ប្រធានាធិបតីហ្សកហ្ស៊ី លោក Mikheil Kavelashvili ខណៈដែល ប្រទេស តួកគី បញ្ជូន អនុប្រធានាធិបតី គឺ លោក Cevdet Yilmaz ឲ្យទៅចូលរួម។
រីឯ ប្រទេសចិនវិញ , នឹងបញ្ជូន លោក He Wei ដែលជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃ សភាប្រជាជន ចូលរួមដោយផ្ទាល់ នេះបើយោងតាមការប្រកាស របស់ក្រសួងការបរទេសចិន កាលពីថ្ងៃព្រហស្បតិ៍។
វិមានក្រឹមឡាំង បានបញ្ជាក់ដែរថា រុស្ស៊ីនឹងបញ្ជូនលោក Dmitry Medvedev អតីតប្រធានាធិបតីរុស្ស៊ី និង បច្ចុប្បន្ន ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ឲ្យទៅចូលរួមផ្ទាល់ នាថ្ងៃសុក្រនេះ។
ក្រៅពីនេះ បណ្តាប្រទេសផ្សេងៗទៀត បញ្ជូនរដ្ឋមន្ត្រីការបរទេស, ឧបនាយករដ្ឋមន្ត្រី ឬ ប្រធានសភា ឲ្យចូលរួមពិធី ដែលរៀបចំធ្វើ នៅក្នុងរដ្ឋធានី តេហេរ៉ង់។
យ៉ាងណាមិញ មេដឹកនាំកំពូលបច្ចុប្បន្នរបស់អ៊ីរ៉ង់ និងត្រូវជាកូនប្រុស របស់លោក Ali Khamenei គឺលោក Mojtaba Khamenei នឹងមិនចូលរួមពិធីបុណ្យសពនោះទេ នេះបើយោងតាមតំណាងរបស់លោកប្រចាំនៅប្រទេសឥណ្ឌា បញ្ជាក់ឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ ដោយមូលហេតុ គឺ ព្រោះតែហេតុផលសន្តិសុខ ពោល បន្ទាប់ពីមានការគំរាមកំហែងចុងក្រោយរបស់អ៊ីស្រាអែល ក្នុងការចង់ធ្វើឃាត មេដឹកនាំ ដែលមិនទាន់បានបង្ហាញមុខ ជាផ្លូវការ រូបនេះ៕
ប្រភព ៖ Aljazeera ប្រែម្រួល ៖ សារ៉ាត
