វ៉ាស៊ីនតោន ៖ មន្ត្រីអាមេរិកបានព្រមានដោយប្រយោលទៅកាន់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និងប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf ក្នុងអំឡុងពេលនៃការចរចាកាលពីដើមឆ្នាំនេះថា អ៊ីស្រាអែលអាចនឹងព្យាយាមលួចធ្វើឃាតពួកគេ ។

វ៉ាស៊ីនតោន ៖ មន្ត្រីអាមេរិកបានព្រមានដោយប្រយោលទៅកាន់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និងប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf ក្នុងអំឡុងពេលនៃការចរចាកាលពីដើមឆ្នាំនេះថា អ៊ីស្រាអែលអាចនឹងព្យាយាមលួចធ្វើឃាតពួកគេ ។
បើតាមកាសែត New York Times ចេញផ្សាយកាលពីថ្ងៃ ព្រហស្បតិ៍, មន្ត្រីអាមេរិកមួយចំនួនជឿជាក់ថា អ៊ីស្រាអែលអាចនឹងរៀបចំផែនការសម្លាប់ក្រុមអ្នកចរចាជាន់ខ្ពស់របស់អ៊ីរ៉ង់នៅថ្ងៃណាមួយ ពោលគឺបន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី៨ ខែមេសា ដែលបានផ្អាកការប្រយុទ្ធគ្នាក្នុងសង្រ្គាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ។
ភាពភ័យខ្លាចនេះ បានបង្ខំឱ្យសហរដ្ឋអាមេរិកសុំអន្តរាគមន៍ពីបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់ ឱ្យជួយផ្តល់ដំណឹងព្រមានជាបន្ទាន់ទៅកាន់ទីក្រុងតេហេរ៉ង់ ពីព្រោះទីក្រុងវ៉ាស៊ីនតោនយល់ថា ប្រសិនបើមានការប៉ុនប៉ងធ្វើឃាតណាមួយកើតឡើង នោះកិច្ចចរចាសន្តិភាពទាំងអស់ នឹងត្រូវរលាយសាបសូន្យ ហើយភ្លើងសង្រ្គាមនឹងផ្ទុះឡើងជាថ្មីកាន់តែធ្ងន់ធ្ងរ ។
កាសែត New York Times បានលាតត្រដាងទៀតថា អាមេរិកបានដឹងថា យ៉ាងហោចណាស់ក៏លោក Ghalibaf ម្នាក់ដែរ ដែលត្រូវបានបញ្ជូនឈ្មោះចូលក្នុង “បញ្ជីខ្មៅមរណៈ” របស់អ៊ីស្រាអែល ទើបធ្វើឱ្យអាមេរិកត្រូវចេញមុខហាមឃាត់អ៊ីស្រាអែលដាច់ខាត មិនឱ្យធ្វើសកម្មភាពនេះ ។
កាសែតដ៏ល្បីរបស់សហរដ្ឋអាមេរិកនេះ ក៏បានរំលឹកផងដែរ អំពីព្រឹត្តិការណ៍កាលពីខែ មេសា ដោយយន្តហោះដឹកលោក Ghalibaf ហោះត្រឡប់មកពីប្រទេសប៉ាគីស្ថានវិញ ត្រូវបង្ខំចិត្តបង្វែរទិសដៅទៅចុះចតនៅទីក្រុង Mashhad វិញ ក្រោយប្រព័ន្ធសន្តិសុខអ៊ីរ៉ង់រកឃើញថា យន្តហោះចម្បាំងអ៊ីស្រាអែលចំនួន ២គ្រឿង បានហោះចូលដែនអាកាសរបស់ខ្លួន ។
យ៉ាងណា មន្ត្រីស្ថានទូតអ៊ីស្រាអែលប្រចាំរដ្ឋធានីវ៉ាស៊ីនតោន បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយ ជុំវិញរឿងនេះទេ ខណៈដែលមន្ត្រីអាមេរិកម្នាក់ បានអះអាងថា លោកប្រធានាធិបតី Donald Trump នៅតែចង់ឱ្យដំណើរការសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្តទៅមុខទៀតដដែល ៕
ប្រភព ៖ New York Times និង Times of israel ប្រែសម្រួល ៖ ឈឹម ទីណា

