កម្ពុជា-ចិន នៅថ្ងៃច័ន្ទនេះ បានបើកកិច្ចប្រជុំលើកទីមួយជាមួយគ្នា ក្នុងគោលបំណងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមរបស់សហគ្រាសចិន នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ រួមទាំងអាជីវកម្មចិននៅកម្ពុជា ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Star នៅថ្ងៃចន្ទ ទី៩ ខែកុម្ភៈ។
កិច្ចប្រជុំនេះ មានការចូលរួមពីឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុនចិន ចំនួន ៨០ក្រុមហ៊ុននៅកម្ពុជា។
ឧបនាយករដ្ឋមន្ត្រីកម្ពុជា ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការវិនិយោគរបស់ចិន បានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ដូច្នេះ ការរៀបចំកិច្ចប្រជុំនេះឡើងក្នុងគោលស្តាប់បញ្ហាប្រឈមរបស់អ្នកវិនិយោគចិននៅកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយចំពោះមុខ។
កិច្ចប្រជុំលើកដំបូងរវាងវិនិយោគិនចិននៅកម្ពុជា ក្នុងពេលនេះ ធ្វើឡើងបន្ទាប់ពីមានវិនិយោគិនចិននៅកម្ពុជា មួយចំនួន បានរងផលប៉ះពាល់អាជីវកម្មដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ បើតាមប្រសាសន៍ឯកឧត្តម ស៊ុន ចាន់ ថុល កិច្ចប្រជុំនេះ នឹងត្រូវធ្វើឡើងរៀងរាល់ ៦ខែម្ដង។
លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចាត់ទុកកិច្ចប្រជុំនេះ នឹងអាចជួយដោះស្រាយបញ្ហាប្រឈមនានា ដែលបាននិងកំពុងកើតឡើងចំពោះអាជីវកម្មចិននៅកម្ពុជា។ អាជីវកម្មចិន ដែលបានបង្កើតការងារជាង ១លានកន្លែងនៅកម្ពុជា។
ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា ក្នុងឆ្នាំ២០២៥ ដែលមានទំហំទឹកប្រាក់ជាង ១៩ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕






















