បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី កោតសរសើរចំពោះតួនាទីដ៏សំខាន់របស់ប្រទេសជប៉ុន លើវិស័យសិទ្ធិមនុស្ស នីតិរដ្ឋ និងសណ្ដាប់ធ្នាប់តំបន់និងពិភពលោក

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី កោតសរសើរចំពោះតួនាទីដ៏សំខាន់របស់ប្រទេសជប៉ុន លើវិស័យសិទ្ធិមនុស្ស នីតិរដ្ឋ និងសណ្ដាប់ធ្នាប់តំបន់និងពិភពលោក

ភ្នំពេញ ៖ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)
បានសម្ដែងនូវការកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់ប្រទេសជប៉ុន លើវិស័យសិទ្ធិមនុស្ស នីតិរដ្ឋ និងសណ្ដាប់ធ្នាប់តំបន់និងពិភពលោក ។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបញ្ជាក់ថា ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យ៉ាងណាក៏ដោយ ក៏ជនភៀសសឹកប្រមាណជា ៩ម៉ឺននាក់ មិនទាន់អាចត្រឡប់ទៅកាន់លំនៅឋានខ្លួនវិញដោយសុវត្ថិភាពនោះទេ ដោយសារតែយោធាថៃបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងធ្វើសកម្មភាពរារាំងផ្សេងៗ ដូចជា ការដាក់ពង្រាយបន្លាលួសនិងទូកុងតឺន័រ ជាដើម។ សកម្មភាពទាំងនេះ គឺផ្ទុយទាំងស្រុងទៅនឹងខ្លឹមសារចំណុចទី៤ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានចែងថា៖ “ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែន ដែលរងផលប៉ះពាល់ វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញ ក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង មានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន”។ សកម្មភាពទាំងអស់នេះ ក៏បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សិទ្ធិសេរីភាពជាមូលដ្ឋានបរស់ជនភៀសសឹក ជាពិសេសស្រ្តី កុមារ ទារក មនុស្សចាស់ អ្នកជំងឺ និងជនមានពិការភាព ក្នុងការទទួលបានសិទ្ធិអប់រំ ការថែទាំសុខភាព សិទ្ធិទទួលបានលំនៅឋានសមរម្យ និងសេរីភាពក្នុងការធ្វើដំណើរ ផងដែរ។

បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងពីការឈ្លានពានពីយោធាថៃ ដោយបានប្រើប្រាស់អាវុធគ្រប់ធុន រួមមាន គ្រាប់បែកចង្កោម ផ្សែងពុល យន្តហោះចម្បាំង F-16, Gripen និង T-50 វាយប្រហារដោយមិនរើសគោលដៅមកលើប្រជាជនស៊ីវិល បំផ្លិចបំផ្លាញផ្ទះសម្បែងជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល វត្តអារាម សាលារៀន មន្ទីរពេទ្យ ប្រាសាទបុរាណ ជាពិសេស ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ការបំផ្លាញរូបសំណាកសាសនា ការលួចទ្រព្យសម្បត្តិ និងការសាងសង់សំណង់ថ្មីៗក្នុងគោលបំណងបង្កើតអត្តសញ្ញាណថ្មីលើដែនអធិបតេយ្យភាពកម្ពុជា ផងដែរ។

ជាងនេះទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងថា ទោះបីជាសណ្តាប់ធ្នាប់ពិភពលោក ធ្លាក់ចុះយ៉ាងណាក៏ដោយ ក៏ឯកឧត្តមទេសរដ្ឋមន្រ្តី នៅតែជឿជាក់ថាការដោះស្រាយជម្លោះ ការស្វែងរកនិងទទួលបានយុត្តិធម៌ ព្រមទាំងការទទួលសន្តិភាពយូរអង្វែង ត្រូវផ្អែកលើយន្តការនិងច្បាប់អន្តរជាតិ។ ឯកឧត្តម មានជំនឿជាក់លើសមត្ថភាពនិងតួនាទីដ៏សំខាន់ប្រទេសជប៉ុន ក្នុងការជំរុញឱ្យភាគីថៃ ចូលរួមដោះស្រាយបញ្ហានេះស្របតាមយន្ដការ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ជាការឆ្លើយតប ឯកឧត្តម Ueno Atsushi នឹងជម្រាបជូនរដ្ឋាភិបាលនៅទីក្រុងតូក្យូ ពីស្ថានភាពព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តម ក៏បានបន្ថែមទៀតថា រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយមនុស្សធម៌ទៅដល់ជនភៀសសឹកនៅតាមព្រំដែន ដែលរងផលប៉ះពាល់ពីជម្លោះនេះ ដើម្បីរួមចំណែកចែករំលែកការលំបាកជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសជនភៀសសឹក ដែលជានិច្ចកាលភាគីមិត្តជប៉ុនតែងតែគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការទៅវិញទៅមក ៕
អត្ថបទ ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា