(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជន និងសហគមន៍ធុរកិច្ចថ្មីឌីជីថលទាំងអស់មេត្តាជ្រាបថា ក្នុងទិសដៅបន្តចូលរួមចំណែកលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល និងប្រែក្លាយកម្ពុជាជាមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថលមួយនៅក្នុងតំបន់ ក.ប.ទ. បានសហការជាមួយមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play កម្ពុជា និងមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP Technology Center (ATC) នឹងរៀបចំកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល រដូវកាលទី២ “Innovate Cambodia Accelerator Program Batch 2” ក្នុងខែមេសា ឆ្នាំ២០២៦។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងជំរុញនិងផ្តល់ឱកាសដល់ធុរកិច្ចថ្មីឌីជីថលទទួលបានការបណ្តុះបណ្តាលពន្លឿនអាជីវកម្ម អភិវឌ្ឍផលិតផលឌីជីថល និងពង្រីកខ្លួនទៅកាន់ទីផ្សារក្នុងតំបន់ ក៏ដូចជាឱកាសចាប់យកវិនិយោគទុនពីក្នុងនិងក្រៅប្រទេស។
ទន្ទឹមនឹងនេះ ភាពជោគជ័យនៃកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល រដូវកាលទី១ “Innovate Cambodia Accelerator Program Batch 1” គឺជាចំណុចដ៏សំខាន់នៅក្នុងជំហានវិវត្តជាវិជ្ជមានរបស់ធុរកិច្ចថ្មីឌីជីថលកម្ពុជា ដោយបានផ្សារភ្ជាប់ស្ថាបនិកធុរកិច្ចថ្មីក្នុងស្រុកទៅកាន់គ្រូបង្វឹក ក្រុមហ៊ុន និងអ្នកវិនិយោគអន្តរជាតិ តាមរយៈបណ្តាញ និងដៃគូសហការអន្តរជាតិនានារបស់ Plug and Play ក្នុងនោះដែរ ធុរកិច្ចថ្មីឌីជីថល Bamnang Academy ត្រូវបានមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play ជ្រើសរើសជាក្រុមហ៊ុនទី១ របស់កម្ពុជា ដើម្បីវិនិយោគនិងជំរុញឱ្យក្លាយទៅជាក្រុមហ៊ុនកម្រិតអន្តរជាតិមួយនៅក្នុងតំបន់។ បន្ថែមពីនេះមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play ក៏កំពុងតែជ្រើសរើសធុរកិច្ចថ្មីឌីជីថល រដូវកាលទី១ បន្ថែមទៀត ដើម្បីធ្វើការវិនិយោគផងដែរ។
កម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលនេះនឹងបើកជូនធុរកិច្ចថ្មីឌីជីថលទាំងអស់ ចុះឈ្មោះចូលរួមចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ អាស្រ័យហេតុនេះ ធុរកិច្ចថ្មីឌីជីថលទាំងអស់ដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធីនេះ សូមដាក់ពាក្យសើ្នសុំតាមរយៈតំណរភ្ជាប់ https://go.gov.kh/mptc/pnp-icap។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកអ៊ីមែល [email protected] ឬទូរសព្ទលេខ ០៩៦ ២៥៧ ០៥១៥ / ០៨៧ ៩៣០ ៥០១៕
ដោយ៖ង៉ាន់ ទិត្យ































