ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ដើមឆ្នាំ២០២៦នេះ បានបង្ហាញសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់។
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឱ្យដឹងថា ពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសកម្ពុជា បានកើនឡើងដល់ ៦ពាន់លានដុល្លារ ក្នុងខែមករាឆ្នាំ២០២៦នេះ កើនឡើង ១៩ភាគរយ បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជិត ៣ពាន់លានដុល្លារ កើនឡើងជាង ២៦ភាគរយ។ ចំណែក ការនាំចូលវិញមានទំហំទឹកប្រាក់ជាង ៣ពាន់លានដុល្លារ កើនឡើងជិត ១៣ភាគរយ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន ស៊ិន ហួរ ប្រទេសចិន ជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា តាមពីក្រោយដោយសហរដ្ឋអាមេរិក វៀតណាម ជប៉ុន និងថៃ។
ក្រុមប្រឹក្សាអភិវឌ្ឃន៍កម្ពុជា(CDC) ក៏បានចេញរបាយការណ៍វិនិយោគ នៅក្នុងខែមករា ឆ្នាំ២០២៦នេះផងដែរ ដែលបង្ហាញថា កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុប ចំនួន ៤៣គម្រោង ជាមួយទុនវិនិយោគសរុប ៧៥២លានដុល្លារ ដែលអាចបង្កើតការងារបានចំនួន ២ម៉ឺន៦ពាន់កន្លែង។ ក្នុងនោះ វិនិយោគិនចិន បានក្ដោបក្កាប់ការនិយោគជិត ៣៦ភាគរយ នៃទុនវិនិយោគសរុប។
ក្នុងចំណោមនោះ គឺគម្រោងវិនិយោគស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ចំនួន ៣៥គម្រោង និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ៨គម្រោង។ បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២៥ គឺក្នុងខែមករា ឆ្នាំ២០២៦ ការចុះបញ្ជីគម្រោងវិនិយោគ បានថយចុះ ២៥ គម្រោង ស្មើនឹង ៣៧ភាគរយ ខណៈទំហំទុនវិនិយោគកើនឡើងប្រមាណ ៣,៤ លានដុល្លារ ស្មើនឹងប្រមាណ ០,៤៥ភាគរយ៕



























