គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦នេះ គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ក្នុងខេត្តកំពង់ធំ សម្រេចបានប្រមាណ ៨០%ហើយ។ គម្រោងនេះមានវិសាលភាពគ្របដណ្ដប់លើក្រុង-ស្រុកចំនួន៥ នៃខេត្តកំពង់ធំ រួមមាន៖ ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់។ គម្រោងនេះបានចាប់ផ្តើមបើកការដ្ឋានក្នុងឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៦នេះ។

គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតនៅលើដងស្ទឹងសែនផ្នែកខាងក្រោម ក្នុងខេត្តកំពង់ធំ គឺជាសំណង់ស្ទាក់ទឹកថ្មីមួយទៀត បន្ទាប់ពីសំណង់អាងទឹកដងកាំបិត និងសំណង់អាងទឹករក្សា ដែលស្ថិតនៅខ្សែទឹកផ្នែកខាងលើនៃដងស្ទឹងសែន ក្នុងខេត្តព្រះវិហារ។

គម្រោងនេះមានសក្តានុពលស្ដុកទឹក ដើម្បីបម្រើឱ្យវិស័យកសិកម្ម ឧស្សាហកម្ម និងការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងជួយបញ្ចៀសការជន់លិចតំបន់ទីប្រជុំជននានាដែលស្ថិតតាមបណ្ដោយដងស្ទឹងសែនផ្នែកខាងក្រោមនារដូវវស្សា។
កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ឯកត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារនៃគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោនេះ៕























