បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជីវកម្មប្រមូលទិញជ័រកៅស៊ូបង្កក៥ទីតាំងនៅត្បូងឃ្មុំបង្កផលប៉ះពាល់ដល់បរិស្ថាន

អាជីវកម្មប្រមូលទិញជ័រកៅស៊ូបង្កក៥ទីតាំងនៅត្បូងឃ្មុំបង្កផលប៉ះពាល់ដល់បរិស្ថាន

ទីតាំងអាជីវកម្មប្រមូលទិញជ័រកៅស៊ូបង្កកចំនួន៥ទីតាំងខេត្តត្បូងឃ្មុំ ត្រូវបានអាជ្ញាធររកឃើញថាបានបង្កផលប៉ះពាល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។

ក្រុមការងារអធិការកិច្ចអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ និងអាជ្ញាធរពាក់ព័ន្ធ បានចុះត្រួតពិនិត្យ និងបានរកឃើញបញ្ហាបំពុលបរិស្ថាន និងចំណុចខ្វះខាតរបស់ក្រុមហ៊ុនប្រមូលទិញជ័រកៅស៊ូបង្កកទាំង៥ទីតាំង នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ទីតាំងអាជីវកម្មទាំងនោះបានបង្កបញ្ហាក្លិនអាក្រក់ចេញពីកន្លែងជ័រកៅស៊ូបង្កក និងពីរណ្តៅស្តុកសំណល់រាវ ដែលទឹកលាងសម្អាតក្នុងទីតាំងស្តុក។ ការរកឃើញនេះធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុនទាំងអស់នោះគ្រប់គ្រងសំណល់រាវមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងច្បាប់ ព្រោះពុំមានអាងសម្អាត ដោយទីតាំងនីមួយៗ គ្រាន់តែមានរណ្តៅដីសម្រាប់ស្តុកទឹកសំណល់ប៉ុណ្ណោះ។ ជាមួយគ្នានេះ ទីតាំងអាជីវកម្មទាំងនោះបានដំណើរការដោយកគ្មានកិច្ចសន្យាការពារបរិស្ថានទៀតផង។

ដើម្បីទប់ស្កាត់បញ្ហាបំពុលបរិស្ថានជាបន្តទៀត ក្រុមការងារក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ ដោយតម្រូវឱ្យទីតាំងអាជីវកម្មទាំងនោះ ផ្អាកសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន រហូតដល់មានការសម្រេចជាថ្មីពីក្រសួងបរិស្ថាន។ បន្ទាប់មក ក្រុមហ៊ុនអាជីវកម្មទាំងនោះត្រូវទទួលរងពិន័យតាមក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទបញ្ញត្តិនានាជាធរមាន ចំពោះការបង្កបញ្ហាក្លិនស្អុយ និងការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ការបញ្ចេញសំណល់រាវមិនត្រឹមត្រូវ និងការធ្វើអាជីវកម្មដោយពុំមានកិច្ចសន្យាការពារបរិស្ថាន។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន តម្រូវឲ្យម្ចាស់ទីតាំងនីមួយៗអនុវត្តវិធានការកែប្រែ ដោយតម្រូវឱ្យរៀចំអាងប្រព្រឹត្តិកម្មសំណល់រាវ ដោយត្រូវអនុលោមតាមគោលការណ៍បច្ចេកទេសនៃក្រមបរិស្ថាន និងធនធានធម្មជាតិ ដើម្បីកាត់បន្ថយបញ្ហាក្លិនស្អុយ និងទប់ស្កាត់ការបំពុលទឹកសាធារណៈ ឲ្យបានរួចរាល់ ក្នុងរយៈពេល៣ខែ។ ជាមួយគ្នានេះ ម្ចាស់ទីតាំងនីមួយៗត្រូវរៀបចំកិច្ចសន្យាការពារបរិស្ថាន រួចដាក់ជូនក្រសួងបរិស្ថាន ដើម្បីធ្វើការពិនិត្យ និងអនុម័ត ដោយអនុលោមតាមលិខិតបទដ្ឋានពាក់ព័ន្ធ ឲ្យបានរួចរាល់ក្នុងរយៈពេល៣ខែ៕

សូមបញ្ជាក់ថា ទីតាំងអាជីវកម្មប្រមូលទិញជ័រកៅស៊ូបង្កកទាំង៥នោះ មាន៤ទីតាំងនៅឃុំមេមត់ ស្រុកមេមត់ និង១ទីតាំង នៅឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា