ភ្នំពេញ៖កម្ពុជា បានដាក់ចេញនូវចក្ខុវិស័យយុទ្ធសាស្ត្រថ្មីមួយ ក្នុងការរឹតចំណងសេដ្ឋកិច្ចជាមួយប្រទេសប៉ាគីស្ថាន តាមរយៈការជំរុញឱ្យមានការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះ (PTA)។

នៅក្នុងរបៀបវារៈនៃកិច្ចពិភាក្សារវាងកម្ពុជា ប៉ាគីស្ថាន គោលបំណងជំរុញឱ្យសម្រេចបាននូវកិច្ចព្រមព្រៀង PTA ដែលនឹងក្លាយជាអាវុធយុទ្ធសាស្ត្រក្នុងការសម្រួលការចូលទីផ្សារ កាត់បន្ថយរបាំងរដ្ឋបាល និងបង្កើតក្របខ័ណ្ឌគាំទ្រពិសេសសម្រាប់វិនិយោគិន ជាពិសេសលើវិស័យអាទិភាពដូចជាសុខាភិបាលនិងការផលិតឧបករណ៍វះកាត់ជាដើម។

យោងតាមសារព័ត៌មាន the diplomatic insight នៅក្នុងជំនួបជាមួយមន្រ្តីជាន់ខ្ពស់ប៉ាគីស្ថាន នៅប្រទេសប៉ាគីស្ថាន នាថ្ងៃពុធនេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ច និងធុរកិច្ច (B2B) ដែលជាស្ពានចម្លងដ៏សំខាន់សម្រាប់ក្រុមហ៊ុនប៉ាគីស្ថាន ក្នុងការឈានជើងចូលមកកាន់ទីផ្សារកម្ពុជា ក៏ដូចជាការប្រើប្រាស់កម្ពុជាជាច្រកទ្វារឆ្ពោះទៅកាន់តំបន់អាស៊ានទាំងមូល។

បើលោកជំទាវរដ្ឋមន្ត្រី បានឲ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនប៉ាគីស្ថានចំនួន ១៦៦ បានចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជា ដែលនេះបង្ហាញពីកាលានុវត្តភាពវិនិយោគដ៏ធំធេងដែលមិនទាន់បានប្រើប្រាស់អស់។

ថ្លែងទៅកាន់មន្រ្តីជាន់ខ្ពស់កម្ពុជា លោក Jam Kamal Khan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន បានបង្ហាញថា វិស័យបង្គោលដែលកំពុងមានសន្ទុះខ្លាំងរបស់ប៉ាគីស្ថាន រួមមាន ឱសថ បច្ចេកវិទ្យាព័ត៌មាន (ICT) និងការបង្កើនតម្លៃបន្ថែមលើផលិតផលចំណីអាហារ។ លើសពីនេះ ប៉ាគីស្ថានបានបង្ហាញពីសមត្ថភាពនាំចេញគ្រឿងចក្រ ឧបករណ៍អគ្គិសនី ម៉ូតូទឹក ត្រាក់ទ័រ ព្រមទាំងគ្រឿងសម្អាង និងទឹកអប់ ដែលសុទ្ធសឹងជាសញ្ញានៃភាពចាស់ទុំនៃវិស័យផលិតកម្មជាតិ។

ជាមួយគ្នានេះ លោក Sardar Tahir Mehmood ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥស្លាម៉ាបាដ បានវាយតម្លៃខ្ពស់ចំពោះសក្ដានុពលសេដ្ឋកិច្ចរបស់កម្ពុជា។ លោកបានអំពាវនាវឱ្យសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ បង្កើនការប្រាស្រ័យទាក់ទងគ្នាឱ្យកាន់តែជិតស្និទ្ធ ដើម្បីធ្វើសមាហរណកម្មខ្សែច្រវាក់ផ្គត់ផ្គង់ និងកសាងភាពជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ក្នុងគោលដៅសម្រេចឱ្យបាននូវវិបុលភាពរួមគ្នាសម្រាប់ប្រជាជាតិទាំងពីរនាពេលអនាគត។

លោកជំទាវ ចម និម្មល ក៏បានអញ្ជើញសហគ្រិនប៉ាគីស្ថានឱ្យមកបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZ) របស់កម្ពុជាផងដែរ។ បើតាមរដ្ឋមន្រ្តីពាណិជ្ជកម្ម ការវិនិយោគក្នុងតំបន់នេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់វិនិយោគិន រួមមានការលើកទឹកចិត្តផ្នែកពន្ធដារ និងការទទួលបានសេវាច្រកចេញចូលតែមួយដ៏មានប្រសិទ្ធភាព ដែលជួយសម្រួលដល់ដំណើរការធុរកិច្ចឱ្យកាន់តែរហ័ស។
លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បាននិងកំពុងដឹកនាំគណៈប្រតិភូធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសប៉ាគីស្ថាន ចាប់តាំងពីថ្ងៃទី៩ ខែកុម្ភៈ រហូតមកដល់ថ្ងៃពុធនេះ ដើម្បីបន្តជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីប្រធានព្រឹទ្ធសភានៃប្រទេសប៉ាគីស្ថាន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីសប្តាហ៍មុន៕
ដោយ៖ទួន សុផល
























