បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម សេង សុភាព ចូលរួមវេទិកាកំពូលរដ្ឋាភិបាលពិភពលោក នៅទីក្រុងឌូបៃ ដើម្បីបង្ហាញយុទ្ធសាស្ត្រជាតិបញ្ញាសិប្បនិម្មិត និងវឌ្ឍនភាពរដ្ឋាភិបាលឌីជីថលកម្ពុជា

ឯកឧត្តម សេង សុភាព ចូលរួមវេទិកាកំពូលរដ្ឋាភិបាលពិភពលោក នៅទីក្រុងឌូបៃ ដើម្បីបង្ហាញយុទ្ធសាស្ត្រជាតិបញ្ញាសិប្បនិម្មិត និងវឌ្ឍនភាពរដ្ឋាភិបាលឌីជីថលកម្ពុជា

ទីក្រុងឌូបៃ៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ស្តីពី “បញ្ញាសិប្បនិម្មិតសម្រាប់រដ្ឋាភិបាលអនាគត” (AI for Future Governments) ដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោក (World Governments Summit) ឆ្នាំ២០២៦ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត អារ៉ាប់រួម។

Advertisement

ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម បានចែករំលែកអំពី “សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត (AI)” របស់កម្ពុជា ដែលផ្តោតសំខាន់លើការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់បរិវត្តកម្មឌីជីថល។ ឯកឧត្តម បានគូសបញ្ជាក់ពីសសរទ្រូងយុទ្ធសាស្ត្រចំនួន ៣ សំខាន់ៗដែលមានចែងក្នុងគោលនយោបាយនេះ រួមមាន៖
១. ការអភិវឌ្ឍធនធានមនុស្ស៖ ការបណ្តុះបណ្តាលជំនាញ AI និងវិទ្យាសាស្ត្រទិន្នន័យ និងការធ្វើសមាហរណកម្ម AI ទៅក្នុងកម្មវិធីសិក្សា។
២. ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងទិន្នន័យ៖ ការពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យជាតិ ការបង្កើតថ្នាលទិន្នន័យបើកចំហ និងហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ ដើម្បីគាំទ្រដល់ការស្រាវជ្រាវ និងនវានុវត្តន៍។
៣. ការជំរុញការប្រើប្រាស់ AI ក្នុងរដ្ឋាភិបាល៖ ការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងសេវាសាធារណៈ ប្រកបដោយក្រមសីលធម៌ និងអភិបាលកិច្ចល្អ ដើម្បីបង្កើនប្រសិទ្ធភាពសេវាសាធារណៈ។
៤. ការជំរុញការប្រើប្រាស់ AI តាមវិស័យអាទិភាព៖ ការដាក់បញ្ចូលបច្ចេកវិទ្យា AI ទៅក្នុងវិស័យសំខាន់ៗដូចជា អប់រំ សុខាភិបាល កសិកម្ម ឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យម (MSMEs) ដើម្បីបង្កើនផលិតភាព និងដោះស្រាយបញ្ហាជាក់ស្តែងនៅក្នុងសង្គម។

ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានបង្ហាញពីវឌ្ឍនភាពជាក់ស្តែងនៃការកសាងរដ្ឋាភិបាលឌីជីថល តាមរយៈជោគជ័យនៃការដាក់ឱ្យប្រើប្រាស់ “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល Verify.gov.kh”។ ឯកឧត្តមបានគូសបញ្ជាក់ថា ថ្នាលនេះមិនត្រឹមតែជាស្តង់ដារជាតិសម្រាប់ការលុបបំបាត់ឯកសារក្លែងក្លាយប៉ុណ្ណោះទេ ប៉ុន្តែបច្ចុប្បន្នបានពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការទៅកាន់បណ្តាប្រទេសក្នុងតំបន់ រួមមាន ប្រទេសហ្វីលីពីន ឡាវ និងទីម័រខាងកើត ផងដែរ។ ក្នុងឱកាសនោះដែរ ឯកឧត្តម បានអញ្ជើញតំណាងប្រទេសផ្សេងទៀត ឱ្យពិនិត្យលទ្ធភាពក្នុងការសហការតភ្ជាប់ ឬប្រើប្រាស់បច្ចេកវិទ្យានៃថ្នាល Verify.gov.kh ដើម្បីជំរុញការផ្លាស់ប្តូរទិន្នន័យឆ្លងដែន និងបង្កើនប្រសិទ្ធភាពសេវាសាធារណៈនៅក្នុងតំបន់ និងសកលលោក។

តាមរយៈកិច្ចប្រជុំនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បន្តប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រែក្លាយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងនវានុវត្តន៍ឌីជីថល ឱ្យទៅជាប្រយោជន៍ជាក់ស្តែងសម្រាប់សង្គមជាតិ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា