ប៊ីលីស៊ី៖ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួង ជួបប្រជុំពិភាក្សាការងារជាមួយលោកជំទាវ Tamar Ioseliani រដ្ឋមន្ត្រីស្ដីទីក្រសួងសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសហ្សកហ្ស៊ី។ កិច្ចប្រជុំរវាងក្រសួងទាំងពីរមានគោលបំណងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការវិស័យឌីជីថល។

ក្នុងជំនួបនេះ ភាគីទាំងសងខាងបានពិភាក្សានិងចែករំលែកបទពិសោធអំពីការធ្វើបរិវត្តកម្មឌីជីថល រួមមានការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថលក្នុងប្រទេសរៀងៗខ្លួននិងលទ្ធភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការឆ្លងប្រទេស។ ក្រសួងសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាពហ្សកហ្ស៊ីបានកត់សម្គាល់ការរីកចម្រើនផ្នែកឌីជីថលនៅកម្ពុជា និងបានគូសរំលេចអំពីលទ្ធភាពសហការលើបរិវត្តកម្មឌីជីថលវិស័យនានា ជាពិសេសវិស័យដែលកម្ពុជាមានឧត្ដមភាពប្រកួតប្រជែង មានដូចជាថ្នាល verify.gov.kh ជាដើម។ ទន្ទឹមនេះ ភាគីហ្សកហ្ស៊ីបានអញ្ជើញឱ្យភាគីកម្ពុជាបញ្ជូនអ្នកជំនាញដើម្បីចូលរួមកម្មវិធីជំរុំបញ្ញាសិប្បនិម្មិតដែលនឹងរៀបចំនៅហ្សកហ្ស៊ីក្នុងពេលឆាប់ៗខាងមុខ៕
ដោយ៖ង៉ាន់ ទិត្យ


























