បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-ប៉ាគីស្ថាន ចាប់ដៃគ្នាពង្រីកពាណិជ្ជកម្មឱសថ និងឧស្សាហកម្មកាត់ដេរ

កម្ពុជា-ប៉ាគីស្ថាន ចាប់ដៃគ្នាពង្រីកពាណិជ្ជកម្មឱសថ និងឧស្សាហកម្មកាត់ដេរ

កម្ពុជា និងប៉ាគីស្ថាន នឹងសហការគ្នាក្នុងការពង្រីកការធ្វើពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែល្អប្រសើរ ដោយផ្ដោតលើវិស័យអាទិភាព ដូចជា ផ្នែកឱសថ ឧស្សាហកម្មកាត់ដេរ និងវិស័យសហគ្រាធុនតូច និងមធ្យម (SME) ជាដើម។
កាលពីថ្ងៃទី១១ ខែកុម្ភៈ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាជាមួយសមភាគីប៉ាគីស្ថាន លោក Jam Kamal Khan ដើម្បីពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការក្នុងការដោះដូរពាណិជ្ជកម្មទ្វេភាគី មុនពេលកិច្ចប្រជុំគណៈកម្មាការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន លើកទី២ នៅក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។

Advertisement

កាសែត The Nation របស់ប៉ាគីស្ថានរាយការណ៍ថា នៅក្នុងជំនួបរវាងរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងប៉ាគីស្ថានខាងលើ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវឱកាស ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព រួមមាន ឱសថ និងផលិតផលថែទាំសុខភាព, វិស័យវាយនភណ្ឌ និងសម្លៀកបំពាក់, កសិកម្ម និងកសិ-កែច្នៃ ជាដើម។

លោកជំទាវ ចម និម្មល អះអាងថា ផលិតផលឱសថ និងបរិក្ខារពេទ្យ គឺជាធាតុផ្សំដ៏សំខាន់នៃការនាំចូលរបស់កម្ពុជា ពីប្រទេសប៉ាគីស្ថាន។ រដ្ឋមន្រ្តីពាណិជ្ជកម្ម បន្តថា កម្ពុជា អាចធ្វើជាច្រកផ្លូវសម្រាប់ធុរកិច្ចប៉ាគីស្ថានទៅកាន់ទីផ្សារអាស៊ាន និង ប្រទេសដៃគូសេដ្ឋកិច្ចក្នុងតំបន់ RCEP។

លោក Jam Kamal Khan បញ្ជាក់ថា ប៉ាគីស្ថាន គឺជាមជ្ឈមណ្ឌលក្នុងតំបន់ដ៏មានសក្តានុពល ជាមួយនឹងការតភ្ជាប់ទៅកាន់អាស៊ីកណ្តាល ដែលជាឱកាសល្អសម្រាប់កិច្ចសហការនាំចូលអំបោះពីកម្ពុជា។ លោកសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនវានុវត្តន៍រវាងប៉ាគីស្ថាន និងកម្ពុជា អាចជាកូនសោថ្មីនៃការធ្វើពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។

ក្នុងឱកាសនោះដែរ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើឯកសារសំខាន់ៗ ចំនួន៣ រួមមាន កំណត់ហេតុកិច្ចប្រជុំ សេចក្តីប្រកាសរួមស្តីកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មកម្ពុជា-ប៉ាគីស្ថាន និងអនុស្សរណៈយោគយល់គ្នាស្តីពីការជំរុញពាណិជ្ជកម្ម។

អំឡុងដំណើរទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាននេះ លោកជំទាវ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ក៏បានទស្សនកិច្ចវិទ្យាស្ថានបច្ចេកវិទ្យានវានុវត្តន៍ និងមជ្ឈមណ្ឌលបច្ចេកវិទ្យា ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីស្វែងយល់ពីគម្រោងក្នុងវិស័យបញ្ញាសិប្បនិមិត្ត ការរចនាគ្រឿងអេឡិចត្រូនិក បច្ចេកវិទ្យាទីក្រុងឆ្លាតវៃ មនុស្សយន្ត វិស្វកម្មអវកាស ជីវបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ផងដែរ។

យោងតាម Business Recorder ក្នុងឆ្នាំ២០២៥ ប៉ាគីស្ថាន បាននាំចេញទំនិញដែលមានតម្លៃជាង ២៩លានដុល្លារ មកកម្ពុជា ភាគច្រើន គឺជាថ្នាំពេទ្យ។ ចំណែក ទំនិញដែលប៉ាគីស្ថាននាំចូលពីកម្ពុជាវិញ មានតម្លៃតែជាង ៤លានដុល្លារ ប៉ុណ្ណោះ ដែលទំនិញទាំងនោះមានម្សៅកាកាវ និងសម្លៀកបំពាក់៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា