ភ្នំពេញ៖ឆ្នាំនេះពិធីបុណ្យចូលឆ្នាំប្រពៃណីចិននឹងប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ខណៈថ្ងៃទី១៦ ខែកុម្ភៈគឺជាថ្ងៃសែន ។រៀងរាល់ឆ្នាំយ៉ាងហោចណាស់កន្លះខែមុនក្រុមអាជីវករលក់ផ្កា ដើមឈើ នៅរាជធានីភ្នំក៏ដូចជាបណ្តាខេត្តដទៃទៀត តែងសម្រុកនាំគ្នាយកដើមឈើ និងដើមផ្កាដែលគេមានជំនឿថាផ្តល់ជោគសិរីសួស្តីនោះមកដាក់លក់។ដើម្បីបាននូវផលិតផលទាំងនេះមកលក់ អាជីវករម្នាក់ៗចំណាយដើមទុនយ៉ាងក្រាស់ក្រែលខ្ទង់ម៉ឺនដុល្លារឯណោះ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ក្នុងចំណោមផ្កាទាំងអស់អ្វីដែលគេជ្រើសរើស និងសម្រិតសម្រាំងមកលក់នោះគឺផ្កាដែលមានពណ៌ក្រហមឬក៏ពណ៌លឿងដែលជាជំនឿជនជាតិចិនថានឹងជួយនាំមកសិរីសួស្តីនិងមានសំណាងល្អ។

នៅកម្ពុជាសម្រាប់ប្រភេទផ្កាពេញនិយមមានដូចជា ដើមអង្គាសីល, ផ្កាស្បៃរឿង,ដើមក្រូចឃ្វិច, , ផ្កាសិរមាន់, ផ្លែម្នាស់ជាដើម។ក្នុងចំណោមផ្កានិងរុក្ខជាតិទាំងអស់នេះមួយចំនួននាំចូលពីប្រទេសចិនដោយផ្ទាល់ ផ្កាពីប្រទេសវៀតណាម និងខ្លះទៀតដាំផ្ទាល់នៅក្នុងប្រទេស។

អ្នកលក់ដើមផ្កា នៅតាមបណ្តោយផ្លូវជាតិលេខ6A ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ អ្នកស្រី ឡាំង អ៊ី ដែលមានសួនផ្កាឈ្មោះ”សួនឡាំងអ៊ី” បានប្រាប់បណ្ដាញព័ត៌មានAMSថា ផ្កាទាំងអស់ដែលដាក់លក់គឺអ្នកស្រីបានទិញត្រៀមទុកកន្លះខែមកម៉្លេះ។ឆ្នាំនេះអ្នកស្រីបានចំណាយប្រាក់ជាង២ម៉ឺនដុល្លារទិញផ្កាមកលក់។អ្នកស្រីកត់សម្គាល់ឃើញថាលក់ដាច់គួរសមទាំងការលក់តាមអនឡាញ និងលក់ផ្ទាល់។

អាជីវករលក់ផ្កាមិនតិចជាង១០ឆ្នាំរូបនេះបានប្រាប់ដែរថា ផ្កា និងរុក្ខជាតិទាំងអស់នេះតែងលក់ដាច់អំឡុងមួយសប្តាហ៍មុនបុណ្យចូលឆ្នាំចិនមកដល់។តាមរយៈការលក់ផ្កាសម្រាប់តុបតែងលម្អផ្ទះ ក្នុងពិធីបុណ្យចូលឆ្នាំអ្នកស្រីតែងទទួលបានផលកម្រៃមកវិញច្រើនគួរសមដែរក្នុងមួយរដូវកាលៗ។
កំពុងមមាញឹកលក់ផ្កា អ្នកស្រី អ៊ឹម សេងហុង អាជីវករនៅដងកំណាត់ ផ្លូវជាតិលេខ6A មានយីហោ សួនពេញចិត្ត ៨៨៨ បានងាកមកប្រាប់ថា ឆ្នាំនេះអ្នកស្រីចំណាយដើមទុនប្រមាណ៧ទៅ៨ម៉ឺនដុល្លារសម្រាប់ទិញផ្កា និងដើមឈើមកលក់។សម្រាប់ផលចំណេញមកវិញមិនទាបជាង១ម៉ឺនដុល្លារដែរ។
សម្រាប់តម្លៃផ្ការបស់អ្នកស្រី , តម្លៃទាបបំផុត៥ពាន់រៀល ជាប្រភេទផ្កាស្បៃរឿង។ ចំណែកផ្កាដែលថ្លៃខ្ពស់នោះមានមួយផើងខ្លះថ្លៃ៣៥០ដុល្លារដែលភាគច្រើនគេទិញដាក់ហាង ឬក្រុមហ៊ុនជាដើម។
មិនខុសគ្នាដែរ អ្នកស្រី កង រិទ្ធី កំពុងលក់ផ្កានៅតំបន់ខាងកើតគល់ស្ពានជ្រោយចង្វារ បានប្រាប់ថារៀងរាល់ឆ្នាំបងប្អូនខ្មែរសែស្រឡាយចិនតែងមានជំនឿទិញផ្កា និងដើមឈើទៅតាំងលម្អផ្ទះសម្បែង។ឆ្នាំនេះអ្នកស្រីលក់ដាច់ហូរហែ ដោយក្នុងមួយថ្ងៃៗអាចលក់បានខ្ទង់ពាន់ដុល្លារឡើង។អ្នកស្រីបន្ថែមថាអ្នកមានជំនឿលើផ្កា និងរុក្ខជាតិ មានទាំងខ្មែរកាត់សែស្រឡាយចិន ,ជនជាតិចិន វៀតណាម និងខ្មែរផងដែរ។
អ្នកស្រី ឈួរ សៀវមី ដែលកំពុងទិញផ្កាយកទៅតាំងលម្អទទួលទេវតាឆ្នាំថ្មី បានប្រាប់ថា ជាជំនឿមួយអ្នកស្រីតែងទិញដាក់ផ្ទះដើម្បីភាពស្រស់ស្អាត និងពិសេសមានសិរីសួស្តីក្នុងពិធីបុណ្យចូលឆ្នាំចិនផង។អ្នកស្រីបានបង្ហាញអត្តសញ្ញាណអ្នកស្រីថា ជាកូនខ្មែរកាត់សែស្រឡាយចិនដូចនេះអ្នកស្រីតែងតែទិញផ្កាទៅតាំងលម្អ ពីព្រោះអ្នកស្រីមានជំនឿថា របស់ទាំងនេះអាចជួយដល់គ្រួសារអ្នកស្រីរកស៊ីមានបាន ចម្រុងចម្រើនក្នុងឆ្នាំថ្មី។
គួរបញ្ជាក់ថា បុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំនេះសម្រាប់ថ្ងៃទី ១៦ ខែ កុម្ភៈ ជាថ្ងៃសែនជីដូនជីតា។ចំណែកថ្ងៃទី១៧ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ គឺជាថ្ងៃពិធីបុណ្យចូលឆ្នាំថ្មី៕
ដោយ៖ម៉ាដេប៉ូ
រូបភាព៖លោក វ៉េង លឹមហួត

























