ថ្ងៃទី១២ ខែកុម្ភៈ ឯកអគ្គរាជទូតជប៉ុន អ៊ូអិណុ អាត់ស៊ូស៊ី និងលោកស្រី Kyungnan Park តំណាងកម្មវិធីស្បៀងអាហារពិភពលោក(WFP)ប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី គម្រោងជំនួយឥតសំណង “ការស្តារជីវភារស់នៅ និងលើកកម្ពស់អាហារូបត្ថម្ភនៅក្នុងសហគមន៍ ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន (ក្នុងភាពជាដៃគូជាមួយ WFP)” ដែលមានទឹកប្រាក់សរុបចំនួន ២២០ លានយ៉េន (ប្រមាណ១លាន៥សែនដុល្លារអាមេរិក)។

ឯកឧត្តមបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានចូលរួមក្នុងពិធីនេះផងដែរ។

យោងតាមស្ថានទូតជប៉ុន ជំនួយនេះនឹងផ្តល់ជាប័ណ្ណអង្ករ និងស្បៀងអាហារដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជម្លោះ ព្រំដែន រួមទាំងជនភៀសសឹកកំពុងជ្រកកោននៅតំបន់សុវត្ថិភាពតាមបណ្តោយព្រំដែនរបស់កម្ពុជា ជនភៀសសឹកដែលបានត្រឡប់ទៅលំនៅស្ថានដើមវិញ និងពលករដែលបានវិលត្រឡប់មកកម្ពុជាវិញផងដែរ។
ជំនួយនេះនឹងរួមចំណែកដល់ការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដែលខូចខាត និងជួយស្តារជីវភាពរស់នៅ និងកែលម្អអាហារូបត្ថម្ភ។

























