ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកជំហានទី២ ចំនួន១៨៤បណ្ណ និងពិធីប្រគល់ផ្ទះ ដីឡូតិ៍លំនៅឋានសម្បទានសង្គមកិច្ច ជូនសម្បទានិកជំហានទី៣ ចំនួន៩១ខ្នង នៅភូមិជីកដី ឃុំអណ្ដូងត្របែង ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីថ្ងៃទី១២ ខែកុម្ភៈ។
ឯកឧត្តម សាយ សំអាល់ ដែលជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិផងដែរនោះ បានគូសបញ្ជាក់ថា ចាប់ពីពេលនេះទៅមុខ ការរៀបចំសម្បទានដីសង្គមកិច្ច គឺមិនត្រឹមតែផ្តោតលើការបែងចែកដីធ្លីប៉ុណ្ណោះទេ ប៉ុន្តែជាការរៀបចំជីវិតជូនប្រជាពលរដ្ឋជាសម្បទានិកទាំងអស់ ឱ្យមានលំនៅឋានសមរម្យ និងអាចកែលម្អជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។
នៅក្នុងន័យនេះ ការអភិវឌ្ឍតំបន់សម្បទានដីសង្គមកិច្ច ទាមទារឲ្យមានគិតគូរពីតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ ដូចជា៖ ប្រព័ន្ធទឹកស្អាត អគ្គិសនី ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធសង្គមផ្សេងៗ ពិសេសសាលារៀន និងមណ្ឌលសុខភាព។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារសំខាន់នៃការរៀបចំផ្ទះសំណាញ់ និងប្រព័ន្ធទឹកស្រោចស្រព ដើម្បីសម្រួលដល់ការដាំបន្លែ និងចិញ្ចឹមសត្វ សំដៅធានាសន្តិសុខស្បៀង និងបង្កើនចំណូលគ្រួសារ។
ពិធីចែកបណ្ណកម្មសិទ្ធិ និងប្រគល់ផ្ទះ ដីឡូតិ៍លំនៅឋានសម្បទានសង្គមកិច្ចនៅពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ជាប់ជានិច្ចរបស់រាជរដ្ឋាភិបាល និងសមាគមអតីតយុទ្ធជនកម្ពុជា ចំពោះសុខុមាលភាព និងតម្រូវការរបស់អតីតយុទ្ធជន និងគ្រួសារ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានសមាគម តែងតែគិតគូរដោះស្រាយបញ្ហាចំពោះមុខរបស់បងប្អូន ជាពិសេសផ្តល់ជូនបងប្អូន នូវស្ថិរភាព និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីមានលក្ខណៈរឹងមាំ និងអចិន្ត្រៃយ៍។ វិធានការទាំងនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការគាំទ្រដល់ការរក្សាលំនឹងនៃការរស់នៅ និងការលើកកម្ពស់ជីវភាពរបស់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារឲ្យកាន់តែល្អប្រសើរ។
សូមបញ្ជាក់ថា ពិធីខាងលើក៏មានការអញ្ជើញចូលរួមផងដែរពីរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម, រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ, រដ្ឋមន្ត្រីក្រសួងអធិការកិច្ច, រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, តំណាងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងនវានុវត្ត, តំណាងរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, តំណាងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអភិបាលខេត្តស្វាយរៀង៕









អត្ថបទ ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ
























