បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រាជរដ្ឋាភិបាលពង្រីកផលិតផលទេសចរណ៍នៅសៀមរាប ខណៈភ្ញៀវអន្តរជាតិថយចុះ

រាជរដ្ឋាភិបាលពង្រីកផលិតផលទេសចរណ៍នៅសៀមរាប ខណៈភ្ញៀវអន្តរជាតិថយចុះ

គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្ត “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” កាលពីព្រឹកថ្ងៃទី១២កុម្ភៈ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។

Advertisement

កិច្ចប្រជុំនេះក៏ជាឱកាសសម្រាប់ពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦ ដើម្បីលើកស្ទួយវិស័យទេសចរណ៍សៀមរាប ក៏ដូចជាវិស័យទេសចរណ៍កម្ពុជាទាំងមូល។

នៅឆ្នាំ២០២៥ ខេត្តសៀមរាបទទួលភ្ញៀវទេសចរសរុប ៤,២លាននាក់ កើនឡើងជាង ៣០% បើធៀបនឹងឆ្នាំ២០២៤ ក្នុងនោះ ភ្ញៀវជាតិមានចំនួន ៣,២លាននាក់ កើនឡើង៤៧% ខណៈភ្ញៀវអន្តរជាតិមានប្រមាណ ៩៥ម៉ឺននាក់ ថយចុះ ៦,៧%។ ទីផ្សារទេសចរណ៍សំខាន់ៗ១០ ដែលមកសៀមរាប រួមមាន សហរដ្ឋអាមេរិក អង់គ្លេស បារាំង ចិន ជប៉ុន អាល្លឺម៉ង់ អូស្ត្រាលី កូរ៉េខាងត្បូង ឥណ្ឌា និងអេស្ប៉ាញ។ តួលេខនេះបង្ហាញថា ស្ថានភាពទេសចរណ៍ខេត្តសៀមរាបពឹងផ្អែកខ្លាំងលើភ្ញៀវទេសចរជាតិ។

ការថយចុះនៃភ្ញៀវអន្តរជាតិ ត្រូវបានសន្និដ្ឋានថា បណ្តាលមកពីភាពមិនប្រាកដប្រជានៃស្ថានការណ៍ភូមិសាស្ត្រនយោបាយ និងបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តម ថោង ខុន មើលឃើញថា វិបត្តិទាំងនេះក៏ជាឱកាសមួយដើម្បីគ្រប់ភាគីពាក់ព័ន្ធធ្វើរួមគ្នាក្នុងការខិតខំអភិវឌ្ឍគោលដៅទេសរចរណ៍នៅជំវិញតំបន់អង្គរ ឲ្យក្លាយទៅជាតំបន់ទាក់ទាញបំផុត។

ដើម្បីជំរុញកំណើនទេសចរណ៍ឡើងវិញ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការជាច្រើន ជាពិសេសផ្តល់ការលើកលែងទិដ្ឋាការដល់ពលរដ្ឋចិនសម្រាប់ការស្នាក់នៅរយៈពេល ១៤ថ្ងៃ ក្នុងក្របខ័ណ្ឌនៃគម្រោងសាកល្បងមួយដែលអនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ក្នុងរដូវបៃតង។

ជាមួយគ្នានេះ ខេត្តសៀមរាបនឹងបន្ត “ពង្រឹងសមត្ថភាពប្រកួតប្រជែង” បន្ថែមទៀត ខណៈដែលមានហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជាអាកាសយានដ្ឋានអន្តរជាតិ និងផ្លូវជាដើម ដែលជាទ្រព្យសកម្មយុទ្ធសាស្ត្រ គាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍។

សម្រាប់ឆ្នាំ២០២៦នេះ គម្រោងសំខាន់មួយទៀត គឺការលើកកម្ពស់ទេសចរណ៍សហគមន៍ធម្មជាតិ កំពង់ភ្លុក ដែលជាភូមិធម្មជាតិមួយកន្លែងអណ្ដែតខ្លួនលើផ្ទៃទឹកនៃបឹងទន្លេសាប ដើម្បីប្រែក្លាយតំបន់នេះទៅជាគំរូអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងការអភិរក្ស និងជាការធ្វើពិពិធកម្មគោលដៅក្រៅពីតំបន់អង្គរ។

តាមអង្កេតឆ្នាំ២០១៩ ភ្ញៀវ ៩៣% ទៅទស្សនាតំបន់អង្គរ ខណៈ ១២% ទៅឧទ្យានជាតិព្រះជ័យវរ្មន័-នរោត្តម “ភ្នំគូលេន” និង ៤១% ទៅតំបន់បឹងទន្លេសាប៕

អត្ថបទ៖ ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា