បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថៃ កំពុងរៀបចំដាក់សំណើរសុំឯកសារប្រវត្តិសាស្ត្រព្រំដែនថៃ-កម្ពុជា ពីប្រទេសបារាំង

ថៃ កំពុងរៀបចំដាក់សំណើរសុំឯកសារប្រវត្តិសាស្ត្រព្រំដែនថៃ-កម្ពុជា ពីប្រទេសបារាំង

ភ្នំពេញ៖ពីរសប្តាហ៍ក្រោយពីប្រទេសកម្ពុជា បានប្រកាសថា ខ្លួនបានដាក់​សំណើរជាផ្លូវការដើម្បីស្នើសុំឯកសារ​ប្រវត្តិសាស្ត្រ​ទាក់ទងនឹងព្រំដែន​អន្តរជាតិ កម្ពុជា-ថៃ រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ និយាយថា ប្រទេសថៃ ក៏ត្រៀមស្នើសុំឯកសារចាំបាច់ពីប្រទេសបារាំង​ផងដែរ។

Advertisement

លោក ស៊ីហាសាក់ ភួងកេតកែវ ត្រូវស្រង់សម្តីនៅថ្ងៃអង្គារ៍នេះ ដោយ​កាសែត ឌឹ ណេសិន(The Nation) ថា ក្រសួងការ​បរទេសថៃ ក៏កំពុង​ពិនិត្យ​សំណើទៅកាន់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង សម្រាប់ឯកសារប្រវត្តិសាស្ត្រ​ទាក់ទងនឹងព្រំដែនផងដែរ។ លោកបន្តថា ក្រសួងការបរទេសថៃបានសាកសួរជាមួយប្រទេសបារាំងទាក់​ទងនឹង​ឯកសារ​ទាំងនេះរួចហើយ។

កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា រដ្ឋាភិបាលបានដាក់សំណើរជាផ្លូវការសុំ​ឯកសារពាក់​ព័ន្ធនឹងផែនទី​អន្តរជាតិ កម្ពុជា-ថៃ ទៅកាន់ប្រទេសបារាំង ព្រមទាំងស្នើសុំប្រទេសបារាំង​ពិចារណា ផ្តល់ការគាំទ្រផ្នែកបច្ចេក ទេស ជំនាញ និងការប្រឹក្សារយោបល់​ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយបារាំង និងសហគមន៍​អន្តរជាតិ ដើម្បីការពារសន្តិភាពតាមរយៈការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយដោយសន្តិវិធី។

គម្រោងការស្នើសុំឯកសារព្រំដែនរបស់ប្រទេសថៃ ពីលោកប្រធានា​ធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង ធ្វើឡើងស្រប ពេលដែល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិភាព (Board of Peace) នៅរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងទស្សនកិច្ចការងារ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងទីក្រុង​ព្រុចសែល ប្រទេសបែលហ្សិក ចាប់ពីថ្ងៃទី១៥-២៧ ខែកុម្ភៈ ឆ្នាំ២០២៦។

រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ អះអាងថា ប្រទេសកំពុងតាម​ដានយ៉ាងដិតដល់នូវរបាយការណ៍ស្តីពីដំណើរទស្សនកិច្ច អន្តរជាតិរបស់​សម្ដេចធិបតី ហ៊ុន ម៉ាណែត រួមទាំងកិច្ចប្រជុំរបស់លោកជាមួយអតីត​ប្រធានា​ធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា