ភ្នំពេញ៖អ្នកជំនាញច្បាប់មកពីសហរដ្ឋអាម៉េរិក បានជំរុញឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ផ្សព្វផ្សាយព័ត៌មានពិត និងឱ្យបានច្បាស់លាស់ពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ខណៈដែលក្រុមនេះស្ថិតនៅស្ងៀមស្ងាត់បើទោះជាក្រុមយោធាថៃ នៅតែបន្តបំពានមកលើដែនអធិបតេយ្យកម្ពុជាក៏ដោយ។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា លើកឡើងថា របាយការណ៍ដែលចេញពីក្រុម អេ អូ ធី ពិតជាមានសារសំខាន់ និងមានតម្លៃជាលក្ខណៈអន្តរជាតិ ជុំវិញការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា ដោយហេតុថា ការរំលោភបំពានទាំងនេះ មិនត្រឹមតែជាការរំលោភបំពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការមិនគោរព និងរំលោភបំពានទៅលើបទឈប់បាញ់ដែលផ្ដួចផ្ដើមឡើងដោយសហរដ្ឋអាមេរិក និងអាស៊ាន។

ដោយទាមទារឱ្យ AOT បង្ហាញជំហរអព្យាក្រឹត្យរបស់ខ្លួនក្នុងការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា អ្នកជំនាញច្បាប់ដដែលនេះ បានលើកឧទាហរណ៍ ដ៏គួរឱ្យសោកស្តាយនៃហេតុការណ៍ថ្មីៗនេះ ដែលយោធាថៃជីកប្រឡាយនៅភូមិជោគជ័យ ក្នុងដែនដីអធិបតេយ្យរបស់កម្ពុជា។ ប៉ុន្តែព័ត៌មាននេះមិនបានផ្សព្វផ្សាយទៅដល់ប្រទេសណាមួយក្នុងតំបន់ ឬក្នុងពិភពលោកនោះទេ ហើយប្រសិនបើ អេ អូ ធី ចុះពិនិត្យទៅលើការជីកប្រឡាយនៅភូមិជោគជ័យ និងបានផ្សព្វផ្សាយព័ត៌មានទៅកាន់ពិភពលោកគឺពិតជាមានឥទ្ធិពលក្នុងការបន្ទុចបង្អាក់ ឬក៏រារាំងប្រទេសថៃកុំឱ្យបន្តធ្វើការឈ្លានពានមកលើទឹកដីប្រទេសកម្ពុជា រហូតដល់មានការប្រជុំសាជាថ្មីឡើងវិញ អំពីការបោះបង្គោលដែនសីមា។

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២៥ ក្រោមគំនិតផ្តួចផ្តើមរបស់ប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងត្រួតពិនិត្យ តាមដាន និងផ្ទៀងផ្ទាត់ស្ថានភាពជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ក្រុមការងារនេះត្រូវបានបែងចែកជាពីរផ្នែក គឺក្រុម AOT ប្រចាំកម្ពុជា និងក្រុម AOT ប្រចាំប្រទេសថៃ។

ក្រុម AOT ទាំងពីរភាគីបានចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ជាក់ស្តែងនៅទីតាំងជម្លោះជាច្រើនលើកច្រើនសារ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់បានចេញសេចក្តីថ្លែងការណ៍រួមជាផ្លូវការណាមួយនៅឡើយទេ។

លោក ឆាំង យុ កត់សម្គាល់ថា របាយការណ៍នេះកាន់តែមានសារៈសំខាន់ទៅទៀត ស្របពេលដែលមិនទាន់មានឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជានៅឡើយ ខណៈដែលនៅប្រទេសថៃមានអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ហើយលោក ទទូចថា AOT ត្រូវតែបង្ហាញឱ្យច្បាស់ថា ទង្វើទាំងនេះគឺជាការមិនផ្ដល់តម្លៃដល់សហរដ្ឋអាម៉េរិក និងអាស៊ាន។ ជាពិសេស AOT បាច់ត្រូវតែមានវិធានការខ្លាំងក្លាជាងសព្វនេះ ក្នុងការផ្សព្វផ្សាយជាសាធារណៈអំពីការរំលោភបំពាននានារបស់ប្រទេសថៃមកលើប្រទេសកម្ពុជា។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន លោក ROMEO S BRAWNER JR ក្នុងនាមប្រធានអាស៊ានប្តូរវេន បានចុះទៅត្រួតពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ។
លោក ROMEO S BRAWNER JR បានលើកឡើងថា ប្រទេសហ្វ៊ីលីពីន នឹងបន្តដើរតួជាអ្នកសម្របសម្រួលក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដើម្បីដោះស្រាយជម្លោះព្រំដែន កម្ពុជា ថៃ ដោយឯករាជ្យ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយកករដ្ឋមន្រ្តីកម្ពុជា សង្ឃឹមថា ក្រោមការដឹកនាំរបស់ហ្វីលីពីនជាប្រធានអាស៊ានក្រុម AOT នឹងដើរតួយ៉ាងសកម្មក្នុងការសម្របសម្រួលវិវាទព្រំដែនកម្ពុជា-ថៃឱ្យមានសន្តិភាព។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស កងទ័ពថៃកំពុងបន្តកាន់កាប់ទីតាំងចំនួន ១៤ កន្លែងក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាដោយខុសច្បាប់ ដែលសកម្មភាពនេះ បានកើតឡើងបន្ទាប់ពីការបង្កសង្គ្រាមឈ្លានពានយ៉ាងអាក្រក់បំផុតក្នុងរយៈពេល ២១ ថ្ងៃ កាលពីឆ្នាំមុន៕
ដោយ៖ទួន សុផល
























