រដ្ឋបាលរាជធានីភ្នំពេញកំពុងដំណើរការកែលម្អសោភ័នភាព និងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជុំវិញផ្សារដើមគរ បន្ទាប់ពីបានរៀបចំឱ្យអាជីវករ ដែលធ្លាប់លក់ដូរលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវ ផ្លាស់ប្តូរទីតាំងទៅលក់នៅផ្សារដើមគរថ្មី និងផ្សារតាម៉ាប់ព្រែកជ្រៃ តាមគោលការណ៍ឈ្នះ-ឈ្នះ។
យោងតាមការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស នាយិការង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ គម្រោងកែលម្អនេះត្រូវបានអនុវត្តចាប់តាំងពីថ្ងៃទី១៨ ខែមករាមក ដោយផ្ដោតលើផ្លូវសំខាន់ចំនួន៣ខ្សែ រួមមានមហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុង និងផ្លូវលេខ២៣០។
លោកស្រីបានឱ្យដឹងថា ការរៀបចំការ៉ូឡាជុំវិញផ្សារដើមគរជិតបញ្ចប់រួចរាល់ហើយ ហើយបន្ទាប់មក នឹងបន្តអនុវត្តលើចំហៀងផ្លូវម្ខាងទៀតក្នុងពេលឆាប់ៗនេះ។ ចំពោះមហាវិថីព្រះមុនីរ៉េត ការរៀបការ៉ូឡាត្រូវអនុវត្តទាំងសងខាងផ្លូវ ពោលគឺទាំងក្នុងខណ្ឌទួលគោក និងក្នុងខណ្ឌបឹងកេងកង។ សម្រាប់មហាវិថីម៉ៅសេទុង និងផ្លូវ២៣០ ការងារក៏ត្រូវអនុវត្តដូចគ្នាផងដែរ។
ការងារផ្សេងៗទៀត ដូចជាការដាក់ប្រព័ន្ធលូ និងការជួសជុលអណ្ដូងលូ ក៏កំពុងដំណើរការព្រមៗគ្នា។ ជំហានបន្ទាប់ អាជ្ញាធរនឹងគិតគូររៀបចំការអ៊ុតកៅស៊ូ និងអ៊ុតគូសគំនូសចរាចរណ៍នៅលើកំណាត់ផ្លូវទាំងនេះ។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា គម្រោងទាំងមូលអាចនឹងបញ្ចប់ទាំងស្រុងក្នុងចន្លោះពី១ខែទៅ២ខែខាងមុខ ប្រសិនបើការអនុវត្តប្រព្រឹត្តទៅតាមផែនការ។
គួររំលឹកថា ការរៀបចំតំបន់ផ្សារដើមគរនេះធ្វើឡើងបន្ទាប់ពីមានការដឹកនាំដោះស្រាយពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការគាំទ្រ និងសហការពីអាជីវករ ដែលបានសម្រេចផ្លាស់ប្តូរទីតាំងលក់ដូរ ទៅផ្សារដើមគរថ្មី នៅខណ្ឌព្រែកព្នៅ និងផ្សារតាម៉ាប់ព្រែកជ្រៃ នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។
អាជ្ញាធររាជធានីភ្នំពេញបានអំពាវនាវឱ្យប្រជាពលរដ្ឋយោគយល់អធ្យាស្រ័យ និងបន្តចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីរួមចំណែករក្សាផ្ទះ ផ្លូវ និងទីក្រុងឱ្យមានសោភ័នភាព សណ្ដាប់ធ្នាប់ និងអនាម័យល្អ៕
ដោយ៖ ហេង សម្បត្តិ + ថេត វិចិត្រ