ភ្នំពេញ៖រដ្ឋាភិបាលកម្ពុជា គ្រោងនឹងបង្កើតឧទ្យានថាមពលព្រះអាទិត្យ កម្លាំង ១០០ មេហ្គាវ៉ាត់មួយក្នុងខេត្តកំពង់ឆ្នាំង ដែលជាគម្រោងប្រើប្រាស់ថាមពលស្អាតដ៏ធំក្នុងប្រទេស ដើម្បីបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងពង្រីកលទ្ធភាពប្រើប្រាស់អគ្គិសនីក្នុងតម្លៃសមរម្យ។
ក្នុងពេលនេះអគ្គិសនីកម្ពុជា(EDC) បានប្រកាសឱ្យមានការដេញថ្លៃជាអន្តរជាតិសម្រាប់អនុវត្តគម្រោងថាមពលពន្លឺព្រះអាទិត្យ ៦០មេហ្គាវ៉ាត់ ដែលជាផ្នែកមួយនៃគម្រោងយក្សនេះ។
យោងតាមសារព័ត៌មានបរទេស SolarQuarter ក្រុមហ៊ុនដែលឈ្នះការដេញថ្លៃ ក៏នឹងទទួលបានកិច្ចព្រមព្រៀងទិញលក់ថាមពលរយៈពេលវែងជាមួយ EDC។
default
គំនិតផ្តួចផ្តើមនេះបង្ហាញពីការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងរបស់កម្ពុជា លើការអភិវឌ្ឍន៍ថាមពលស្អាត។ នេះបើយោងតាម Solar Quarter។
ប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ ដូចជា វៀតណាម ថៃ និងម៉ាឡេស៊ី ក៏កំពុងពន្លឿនការដាក់ពង្រាយថាមពលកកើតឡើងវិញផងដែរ។ ដោយឡែក សម្រាប់កម្ពុជា គម្រោងថាមពលពន្លឺព្រះអាទិត្យ ៦០មេហ្គាវ៉ាត់ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងសន្តិសុខថាមពល កាត់បន្ថយការពឹងផ្អែកលើប្រភពធម្មតា និងឆ្លើយតបនឹងការកើនឡើងនៃតម្រូវការអគ្គិសនីក្នុងស្រុក។
យោងតាមក្រសួងរ៉ែ និងថាមពល ក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចូលថាមពលអគ្គិសនីក្នុងបរិមាណ ១.៧៦៥លានគីឡូវ៉ាត់ម៉ោង ពីប្រទេសជិតខាង រួមមាន ប្រទេសថៃ វៀតណាម និងឡាវ។ ប៉ុន្តែ នៅពាក់កណ្ដាលឆ្នាំ២០២៥ កម្ពុជាបានកាត់ផ្ដាច់ទាំងស្រុងនូវការនាំចូលថាមពលអគ្គិសនីពីប្រទេសថៃ ដោយសារជម្លោះព្រំដែន៕
ដោយ៖ខន ណារី