បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-អាមេរិក មានសុទិដ្ឋិនិយមក្នុងការបន្តជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី

កម្ពុជា-អាមេរិក មានសុទិដ្ឋិនិយមក្នុងការបន្តជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់លើបណ្ដាញសង្គមនារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ថា កម្ពុជា និងសហរដ្ឋអាម៉េរិក មានសុទិដ្ឋិនិយមក្នុងការបន្តជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ។

Advertisement

ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ នាឱកាសសម្ដេចធិបតីដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ឯកឧត្ដមឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានជំរុញឱ្យទំនាក់ទំនងទ្វេភាគី អាម៉េរិក-កម្ពុជា កាន់តែរីកចម្រើនជាលំដាប់ ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម។ ជាក់ស្ដែង ពាណិជ្ជកម្មទ្វេភាគី អាម៉េរិក-កម្ពុជា បន្តកើនឡើងប្រមាណជិត ២៩% ក្នុងឆ្នាំ២០២៥ បើធៀបនឹងទំហំពាណិជ្ជទ្វេភាគីក្នុងឆ្នាំ២០២៤ ស្របពេលដែលការវិនិយោគរបស់សហរដ្ឋអាម៉េរិកនៅកម្ពុជាក៏កើនឡើងគួរឱ្យកត់សម្គាល់។ នេះគឺជាផ្លែផ្កានៃការជឿទុកចិត្តនៅក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទទួលបន្ទុកផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិកក្នុងការចរចា និងឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលសម្រេចបានអត្រាពន្ធក្នុងរង្វង់ ១៩% លើការនាំចូលទំនិញរបស់កម្ពុជាចូលសហរដ្ឋអាម៉េរិក។

ឆ្លៀតក្នុងឱកាសនេះដែរ, សម្តេចធិបតីក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ឯកឧត្តមប្រធានាធីបតី Donald J. Trump ក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការជំរុញឱ្យមានបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្ដីថ្លែងការរួមទីក្រុងគួឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក៏ដូចជាសេចក្ដីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីធានាដល់ការកសាងសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ។

សម្ដេចធិបតី និងឯកឧត្ដមឯកអគ្គរដ្ឋទូត Jamieson Greer ក៏បានសម្ដែងនូវសុទិដ្ឋិនិយមថា ក្រោមការខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ, ទំនាក់ទំនង កម្ពុជា-អាម៉េរិក នឹងកាន់តែប្រសើរឡើង ជាពិសេសជំរុញឱ្យមានកំណើនពាណិជ្ជកម្មទ្វេភាគី និងកំណើនការវិនិយោគរបស់សហរដ្ឋអាម៉េរិកនៅកម្ពុជា។

សម្ដេចធិបតីបានបញ្ជាក់ជូន ឯកឧត្ដមឯកអគ្គរដ្ឋទូត Jamieson Greer ថា កម្ពុជានឹងបន្តខិតខំប្រឹងប្រែងដើម្បីបញ្ចប់នូវការបំពេញនិតីវិធីនានា សំដៅជំរុញការអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងប្រទេសទាំងពីរ សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងពីរ។

សម្ដេចធិបតី និងឯកឧត្ដមឯកអគ្គរដ្ឋទូត Jamieson Greer ក៏បានពិភាក្សាគ្នាផងដែរ អំពីវិស័យសក្កានុពលនានាដែលប្រទេសទាំងពីរអាចនឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីធានាបាននូវឧត្តមប្រយោជន៍សម្រាប់ប្រទេសទាំងពីរ និងដំណោះស្រាយលើបញ្ហាសេសសល់ ដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីធ្វើយ៉ាងណាឱ្យរំហូរពាណិជ្ជកម្មទ្វេភាគី និងការធ្វើនិយោគរបស់សហរដ្ឋអាម៉េរិកមកកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា គិតត្រឹម១ខែមករា ឆ្នាំ២០២៦ ពាណិជ្ជកម្មកម្ពុជា និងអាមេរិក មានទំហំទឹកប្រាក់ ១ ៣២១លានដុល្លារ មានការកើនឡើងប្រមាណ ៤៨ភាគរយ បើធៀបនឹងខែមករា ឆ្នាំ២០២៥ ក្នុងនោះកម្ពុជានាំចេញទៅអាមេរិកមានទំហំទឹកប្រាក់ ១ ២៨២លានដុល្លារ ហើយនាំចូលពីអាមេរិកវិញតែក្នុងទំហំទឹកប្រាក់ ៣៩លានដុល្លារប៉ុណ្ណោះ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា