បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជនបរទេស ២១ម៉ឺននាក់ ចាកចេញពីកម្ពុជាដោយស្ម័គ្រចិត្ត ក្រោយ​យុទ្ធនាការបង្ក្រាបការឆបោកតាមអនឡាញ

ជនបរទេស ២១ម៉ឺននាក់ ចាកចេញពីកម្ពុជាដោយស្ម័គ្រចិត្ត ក្រោយ​យុទ្ធនាការបង្ក្រាបការឆបោកតាមអនឡាញ

ភ្នំពេញ៖យ៉ាងហោចមានជនបរទេសជាង ២១ម៉ឺននាក់ បានចាកចេញពី​ប្រទេសកម្ពុជាដោយស្ម័គ្រចិត្ត ក្នុងយុទ្ធនាការបង្ក្រាប​​ការឆបោកតាមប្រព័ន្ធ​បច្ចេកវិទ្យាអនឡាញ ចាប់តាំងពី ខែមិថុនា ឆ្នាំកន្លងទៅរហូតដល់ពេល​នេះ។នេះបើតាមតួ​លេខផ្លូវ​​ការ​របស់ក្រសួងមហាផ្ទៃ។

Advertisement

នៅក្នុងពិធីបើកយុទ្ធនាការ «ទិវាអ៊ីនធឺណិតសុវត្ថិភាព» កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឯកឧត្តមសន្ដិបណ្ឌិត ស សុខា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លើកឡើងថា កម្ពុជាបាននិរទេសជនបរទេសជាង ៤៨.០០០នាក់ ក្នុងប្រតិ បត្តិការឆបោកតាម​ប្រព័ន្ធអនឡាញ។ ដោយឡែកជន​បរទេស​ជាង ២១ម៉ឺននាក់បានចាកចេញពីប្រទេសកម្ពុជាដោយស្ម័គ្រចិត្ត។

កាលពីម្សិលមិញប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) បានសាទរ និងកោតសរសើរ​ចំពោះ​សមិទ្ធផល​នៃកិច្ចសហការ​រវាងក្រុមសមត្ថកិច្ចកូរ៉េ ជាមួយសមត្ថកិច្ចកម្ពុជាក្នុងការបង្ក្រាប និង​ទប់ស្កាត់​ក្រុមឆបោកតាមប្រព័ន្ធ​បច្ចេកវិទ្យា ឬ Online scam។

ទេសរដ្ឋមន្រ្តីឯកឧត្តម ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការ​ចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាម​ប្រព័ន្ធបច្ចេក​វិទ្យា (គ.ប.ឆ.ប.) កាលពីថ្ងៃពុធទី១៨ ខែកុម្ភៈ បានបញ្ជាក់នៅចំពោះមុខបណ្តាអង្គទូត​បរទេស​ចំនួន ២៦ប្រទេសថា រយៈពេល ៨ខែចុងក្រោយនេះ តុលាការ​កម្ពុជាបានផ្តន្ទាទោសមេខ្លោង និងបក្ខពួកក្នុងសំណុំរឿងឆបោកអនឡាញ​ចំនួនជាង ៥០០នាក់​ផងដែរ។ ក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿងលោក ចេន ហ្ស៊ី អតីតឧកញ៉ា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹង​មេខ្លោង​ជាជនបរទេសផ្សេងទៀតផង។

ឯកឧត្តមលើកឡើងថា ក្នុងប្រតិបត្តិការចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ រហូតដល់ដើមឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាបានបង្ក្រាប​បទល្មើសឆបោក​អនឡាញចំនួន ២០០ករណី សរុបប្រមាណ ២៥០០ទីតាំង និងប្រមូល​បានឧបករណ៍បច្ចេកវិជ្ជាជាង ៤៦.០០០​ពាន់។

យោងតាមសារព័ត៌មានកូរ៉េ The Chosun daily សមត្ថកិច្ចកូរ៉េខាងត្បូង សហការជាមួយសមត្ថកិច្ចកម្ពុជារយៈពេល២ខែកន្លង​មកបានចាប់​ខ្លួនជនឆបោកចំនួន១៤០នាក់ និងចាប់ខ្លួនមេខ្លោងចំនួន៦នាក់ ក្នុងនោះមានមេខ្លោងគ្រាក់ៗកម្រិត A ម្នាក់ និងកម្រិត B ម្នាក់។ មេខ្លោងធំៗទាំងពីរដែលពាក់ព័ន្ធនឹងការឆបោកទឹកប្រាក់សរុបជាង ១០លានដុល្លារអាម៉េរិក។

បើតាមឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មានប្រជាពលរដ្ឋកម្ពុជាបាន​បាត់បង់​ប្រាក់ចំនួន ៤៥លាន​ដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៥ ដោយសារការបោកប្រាស់តាមអ៊ីនធឺណិតនៅ​ក្នុងស្រុក។ ការបាត់បង់​ប្រាក់នេះ ដោយសារជនរងគ្រោះមួយចំនួនរងការ​គំរាមកំហែងពីការចែករំលែកព័ត៌មានផ្ទាល់ខ្លួនដើម្បីបង្ខូចកេរ្តិ៍ឈ្មោះពួកគេ។ ខណៈជនរងគ្រោះជាច្រើននាក់បានធ្វើអត្តឃាត ក្រោមភាព​តានតឹងនៃការជំរិតទារប្រាក់តាមប្រព័ន្ធអ៊ិនធឺណិតនេះ។

ប្រទេស​​កម្ពុជា​បានដាក់ផែនការជាក់លាក់ក្នុងការលុបបំបាត់​អំពើ​ឆបោក​តាមអនឡាញឱ្យអស់នៅត្រឹមខែមេសា ឆ្នាំ ២០២៦នេះ។ បច្ចុប្បន្នរដ្ឋាភិបាលកំពុងតែរៀបចំសេចក្តីព្រាងច្បាប់ប្រឆាំងការឆបោកតាមអ៊ីនធឺណិត ក្នុងគោលដៅទប់ស្កាត់ការរីករាលដាល​នៃឧក្រិដ្ឋកម្ម​សកល​នេះ៕
ដោយ៖សេង បារាំង

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា