បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកកំពុងស្វែងរកកាលានុវត្តភាព ដើម្បីបន្តពង្រឹង និងពង្រីកភាពជាដៃគូសេដ្ឋកិច្ចជាមួយកម្ពុជា

អាមេរិកកំពុងស្វែងរកកាលានុវត្តភាព ដើម្បីបន្តពង្រឹង និងពង្រីកភាពជាដៃគូសេដ្ឋកិច្ចជាមួយកម្ពុជា

ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦( ម៉ោងនៅកម្ពុជា) នៅរដ្ឋធានីវ៉ាស៊ីនតោន ឯកឧត្តម គ្រីស្តូហ្វឺ ឡានដាវ (Christopher Landau) អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានថ្លែងអំណរគុណកម្ពុជា ចំពោះការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និង បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់សម្ដេចធិបតី នៅក្នុងកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព។

Advertisement

ឯកឧត្តម ក៏បានជម្រាបជូនសម្ដេចធិបតី ថា ឯកឧត្តមប្រធានាធិបតី ដូណាល់ ជេ ត្រាំ (Donald J. Trump) មានមោទនភាពចំពោះការរួមចំណែកក្នុងការបញ្ឈប់ការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ។

ឯកឧត្តមអនុរដ្ឋមន្ត្រី បានបន្តថា សហរដ្ឋអាមេរិកយល់ច្បាស់អំពីតម្លៃនៃសន្តិភាពសម្រាប់ប្រទេសកម្ពុជា ហើយសហរដ្ឋអាមេរិកនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីនាំមកនូវសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

ក្នុងក្របខណ្ឌនៃទំនាក់ទំនងទ្វេភាគី, ឯកឧត្តមអនុរដ្ឋមន្ត្រី បានសម្ដែងនូវការពេញចិត្តចំពោះការវិវត្តវិជ្ជមានជាបន្តបន្ទាប់ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាម៉េរិក-កម្ពុជា។ ឯកឧត្តមក៏បានលើកឡើងពីកាលានុវត្តភាពថ្មីៗបន្ថែមទៀត សំដៅធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ កាន់តែរឹងមាំ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

ទន្ទឹមនេះ, ឯកឧត្តមបានថ្លែងអំណរគុណដល់ភាគីកម្ពុជា ដែលតាមរយៈក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) បានបញ្ជាទិញយន្តហោះប្រភេទ Boeing 737 MAX ពីសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ។ ដោយកត់សម្គាល់ពីការរីកចម្រើនដ៏ឆាប់រហ័សផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជា, សហរដ្ឋអាមេរិកកំពុងបន្ត ស្វែងរកកាលានុវត្តភាពផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច បន្ថែមទៀត សំដៅពង្រឹង និងពង្រីកភាពជាដៃគូសេដ្ឋកិច្ចជាមួយកម្ពុជា។

ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ចំពោះជំនួយ និងការគាំទ្រនានាដល់ប្រទេសកម្ពុជា នាពេលកន្លងមក ដែលបានរួមចំណែកពន្លឿនការអភិវឌ្ឍ និងការកសាងប្រទេសឡើងវិញ ក្រោយការបិទបញ្ចប់ជាស្ថាពរនូវសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ។

សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម, ការពារជាតិ និងសន្តិសុខ។

សម្ដេចធិបតី ក៏បានថ្លែងអំណរគុណឯកឧត្តមប្រធានាធិបតី ដូណាល់ ជេ ត្រាំ ចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការជំរុញដំណើរការសន្តិភាពកម្ពុជា-ថៃ។ ជាមួយគ្នានេះ, សម្ដេចធិបតី បានស្នើឱ្យសហរដ្ឋអាមេរិកបន្តគាំទ្រដល់ដំណើរការសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

សម្ដេចធិបតី ក៏បានជម្រាបឯកឧត្តមអនុរដ្ឋមន្ត្រី អំពីការវិវត្តចុងក្រោយនៃស្ថានការណ៍ជាក់ស្ដែងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់សាជាថ្មីអំពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និង កិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ។

សម្ដេចធិបតី និងឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានបន្តពិភាក្សាអំពីវិធានការបន្ត សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត នៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច, សន្តិសុខ និងការពារជាតិ, ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា