ភ្នំពេញ៖ជាសត្វធម្មជាតិ មានមនុស្សមិនច្រើនទេដែលដឹងពីលក្ខណៈសម្បត្តិ ការរស់នៅ និងសារៈប្រយោជន៍របស់សត្វពង្រូល។បណ្ដាញព័ត៌មានAMS សូមនាំអារម្មណ៍ប្រិយមិត្តទៅស្វែងយល់អំពីថនិកសត្វកម្រមួយនេះ។

ភ្នំពេញ៖ជាសត្វធម្មជាតិ មានមនុស្សមិនច្រើនទេដែលដឹងពីលក្ខណៈសម្បត្តិ ការរស់នៅ និងសារៈប្រយោជន៍របស់សត្វពង្រូល។បណ្ដាញព័ត៌មានAMS សូមនាំអារម្មណ៍ប្រិយមិត្តទៅស្វែងយល់អំពីថនិកសត្វកម្រមួយនេះ។
សត្វពង្រូល ជាថនិកសត្វចិញ្ចឹមកូនដោយទឹកដោះ។វាមានស្រការពណ៌ស្រអាប់គ្របដណ្តប់ដងខ្លួនទាំងមូល លើកលែងតែពោះ និងផ្នែកក្រោមក្បាល។
ពង្រូលច្រើនរស់នៅក្នុងព្រៃមានដើមឈើខ្ពស់ៗ ដោយរស់នៅក្នុងរន្ធឈើ ឬរន្ធដី។ សត្វពង្រូល វាស៊ីស្រមោច សង្អារ អង្ក្រង ឬកណ្តៀរជាដើមជាអាហារ។ សត្វពង្រូលជាវិស្វករពង្រឹងគុណភាពដី តាមរយៈការធ្វើឱ្យដីធូរ និងបង្កើនសារធាតុចិញ្ចឹមក្នុងដីដែលធ្វើឱ្យរុក្ខជាតិលូតលាស់ល្អ។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈការស៊ីសត្វល្អិតតូចៗជាអាហារ ពង្រូលដើរតួជាភ្នាក់ងារកម្ចាត់សត្វល្អិតដ៏ចំណានរបស់ប្រព័ន្ធអេកូឡូស៊ី។
នៅក្នុងប្រទេសកម្ពុជា ពង្រូលមានដោយកន្លែងក្នុងទីជម្រកសមស្រប ហើយវាជាប្រភេទសត្វមានដោយកម្រនៅកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN នាកន្លងមក ជាប្រភេទកំពុងរងគ្រោះថ្នាក់អាចឈានទៅដល់ការផុតពូជ។ក្រៅពីនេះវាក៏ជាសត្វដែលមានការជួញដូរច្រើនជាងគេលើពិភពលោក។
តាមរយៈការចុះផ្សាយក្នុងទិវាសត្វពង្រូលពិភពលោក ក្រសួងបរិស្ថាន និង គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញកណ្តាល (CC REDD+)បានអំពាវនាវឱ្យគ្រប់ភាគីចូលរួមការពារថែរក្សាប្រភេទសត្វកម្រដ៏មានតម្លៃនេះតាមរយៈការបញ្ឈប់ការជួញដូរ និងបរិភោគសាច់សត្វព្រៃ ចូលរួមការពារនិងស្តារឡើងវិញនូវព្រៃឈើដែលជាជម្រកសត្វព្រៃ និងចូលរួមផ្សព្វផ្សាយពីសារៈប្រយោជន៍សត្វព្រៃ និងជីវៈចម្រុះដល់កូនចៅជំនាន់ក្រោយ៕
ដោយ៖ម៉ាដេប៉ូ

