ភ្នំពេញ៖កម្មវិធីទ្រនាប់ពណ៌ប្រកាសបើកទូលាយឱ្យមហាជនចូលរួម តាមរយៈការចូលរួមលាបថ្នាំទ្រនាប់ពណ៌២ថ្ងៃដំបូង ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីចូលរួមបង្ហាញមតិ និងការគាំទ្រតាមរយៈសិល្បៈ ដែលបង្ហាញពីកម្ពុជា គឺចង់បានសន្តិភាព ទៅកាន់ពិភពលោក ។

ភ្នំពេញ៖កម្មវិធីទ្រនាប់ពណ៌ប្រកាសបើកទូលាយឱ្យមហាជនចូលរួម តាមរយៈការចូលរួមលាបថ្នាំទ្រនាប់ពណ៌២ថ្ងៃដំបូង ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីចូលរួមបង្ហាញមតិ និងការគាំទ្រតាមរយៈសិល្បៈ ដែលបង្ហាញពីកម្ពុជា គឺចង់បានសន្តិភាព ទៅកាន់ពិភពលោក ។

កម្មវិធីទ្រនាប់ពណ៌ក្រោមប្រធានបទ «រូបគំនូរសិល្បៈដើម្បីសន្តិភាព» បានរៀបចំឡើងក្រោមការផ្តួចផ្តើមរបស់លោក តាន់ គឹមសួរ និងអ្នកនាង មាស ច័ន្ទដាលីន អគ្គនាយិកាក្រុមហ៊ុនឡាកាម៉ូ ដោយមានការសហការជាមួយសហភាពសហព័ន្ធយុវកម្ពុជា(ស.យ.យ.ក.)និងសាលារាជធានីភ្នំពេញ ។ព្រឹត្តិការណ៍នេះបានប្រារព្ធពិធីក្រុងពាលីបើកកាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម សុខ សប្បាយណា សមាជិកគណៈអចិន្រ្ដៃយ៍គណៈកម្មធិការកណ្ដាល តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក.។
គោលបំណងសំខាន់នៃការរៀបចំពិធីនេះ គឺដើម្បីបង្ហាញអំពីរូបគំនូរសិល្បៈ ដែលបង្ហាញនូវស្លាកស្នាម ការខ្ទេចខ្ទាំ ភាពសោកសៅ និងការឈឺចាប់ដែលប្រជាពលរដ្ឋកម្ពុជាបានឆ្លងកាត់នាពេលកន្លងមក ជាពិសេសក្នុងបរិបទជម្លោះព្រំដែនដែលបង្កឡើងដោយប្រទេសជិតខាង ។ ជាមួយគ្នានេះ តាមរយៈផ្ទាំងគំនូរសិល្បៈដែលត្រូវបានគូរដោយវិចិត្រករខ្មែរ ក៏ជាការបង្ហាញថា ប្រជាជនកម្ពុជា យល់ច្បាស់ពីគុណតម្លៃនៃសុខសន្តិភាព ហើយកម្ពុជា គាំទ្រការដោះស្រាយដោយសន្តិវិធី និងគោរពតាមគោលការណ៍ច្បាប់អន្តរជាតិ។

លោក តាំង គីមសួរ បានបង្ហាញការជឿជាក់ថា ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាព នៅរាជធានីភ្នំពេញ នឹងជួយផ្សព្វផ្សាយអ្វីដែលកម្ពុជាចង់បង្ហាញឱ្យកាន់តែលឺ កាន់តែឆ្ងាយទៅកាន់ពិភពលោក៊

វិចិត្រករ ប៉ោយ ឈុនលី បាននិយាយថា ជាវិចិត្រករ គឺមិនមានអាវុធប្រើប្រាស់នោះទេ ។លោក និងវិចិត្រករដទៃទៀត ប្រើប្រាស់ជក់ ប្រើប្រាស់គំនូរ ដើម្បីជាសំឡេងប្រាប់ទៅកាន់ពិភពលោក ។

លោក គង់ សុរិយា តំណាង ស.ស.យ.ក បានចាត់ទុកការគូរគំនូរនៅរាជធានីភ្នំពេញនេះ ជាព្រឹត្តិការណ៍បង្ហាញពីការរួបរួមគ្នា បង្ហាញសារជារួមមួយទៅកាន់ពិភពលោក ថា កម្ពុជា ឈរលើគោលការណ៍សន្តិភាព និងការដោះស្រាយតាមច្បាប់អន្តរជាតិ។ លោកលើកទឹកចិត្តឱ្យសាធារណជនចូលរួមផ្សព្វផ្សាយ បង្កើតមាតិកាឱ្យបានច្រើន និងធ្វើឡើងជាភាសាបរទេសផ្សេងៗគ្នា ។

ឯកឧត្តម សុខ សប្បាយណា ក្នុងនាមឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងនូវការអរគុណចំពោះការរៀបចំឱ្យមានកម្មវិធីនេះឡើង បន្ទាប់ពីរូបគំនូរសិល្បៈបែបនេះ បានទទួលការចាប់អារម្មណ៍ជាច្រើនពីជនបរទេស នៅខេត្តសៀមរាប ខណៈផ្ទាំងគំនូរនៅរាជធានីភ្នំពេញនេះ ក៏នឹងលម្អិតកាន់តែខ្លាំងពីភាពរងគ្រោះរបស់កម្ពុជា ក្នុងបរិបទជម្លោះព្រំដែនដែលបង្កឡើងដោយប្រទេសជិតខាង ។

គួរបញ្ជាក់ថា ផ្ទាំងរូបគំនូរសិល្បៈដើម្បីសន្តិភាព មានបណ្ដោយប្រវែង ៣៥ម៉ែត្រ កម្ពស់ ៥ម៉ែត្រ ។ ផ្ទាំងគំនូរដ៏ធំមួយនេះ នឹងរំលេចអំពីការឈឺចាប់ និងសោកនាដកម្មបណ្តាលមកពីការឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា បានចាប់ផ្តើមគូរហើយ នៅទីតាំងសួនមុខវត្តបទុមវតី។ ផ្ទាំងគំនូរនេះគ្រោងនឹងបញ្ចប់ទាំងស្រុង ក្នុងរយៈពេល ១២ ថ្ងៃខាងមុខ ដោយនៅថ្ងៃទី ២០ ខែកុម្ភៈ សាធារណជនជាច្រើន បានចូលរួមលាបថ្នាំទ្រនាប់ពណ៌ ក្នុងរយៈពេល ២ ថ្ងៃដំបូង ដែលបើកឱកាសឱ្យប្រជាពលរដ្ឋចូលរួមបង្ហាញមតិ និងការគាំទ្រតាមរយៈសិល្បៈ ។

សកម្មភាពនេះ មានគោលបំណងបញ្ជាក់ពីអារម្មណ៍រួមរបស់ប្រជាជន ចំពោះបញ្ហាអធិបតេយ្យភាពជាតិ និងការការពារបូរណភាពទឹកដី។
ផ្ទាំងគំនូរទី២នេះ បន្តពីគំនិតនៃផ្ទាំងទី១ ដែលបានដាក់តាំងបង្ហាញនៅខេត្តសៀមរាប និងទទួលបានការចាប់អារម្មណ៍យ៉ាងទូលំទូលាយពីសំណាក់អ្នកស្រឡាញ់សន្តិភាព។ តាមការគ្រោងទុក ផ្ទាំងគំនូរនេះមានសិល្បករចំនួន ៧២ នាក់ចូលរួមគូរ និងនឹងដាក់តាំងបង្ហាញរយៈពេល ២ ខែ បន្ទាប់ពីបញ្ចប់ការងារ ៕ ផ្ទាំងគំនូរនេះ មិនត្រឹមតែជាការបង្ហាញស្នាដៃសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីអារម្មណ៍ឈឺចាប់ ក្តីព្រួយបារម្ភ និងសេចក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា ចំពោះសន្តិភាព និងការគោរពអធិបតេយ្យភាពជាតិ ៕
អត្ថបទ៖ វណ្ណលុក
រូប៖ សួង ពិសិដ្ឋ

