ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលជួបជាមួយគណៈកម្មាការទី៩នៃព្រឹទ្ធសភា ដើម្បីគោរពរាយការណ៍ជូនអំពីវឌ្ឍនភាពការងារ របស់ក្រសួងសម្រាប់ឆ្នាំ២០២៥ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលជួបជាមួយគណៈកម្មាការទី៩នៃព្រឹទ្ធសភា ដើម្បីគោរពរាយការណ៍ជូនអំពីវឌ្ឍនភាពការងារ របស់ក្រសួងសម្រាប់ឆ្នាំ២០២៥ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជម្រាបជូនប្រតិភូគណៈកម្មាការទី៩នៃព្រឹទ្ធសភា អំពីសមរភូមិការងារទាំង៩ របស់ក្រសួង រួមមាន៖

១ – ការរៀបចំផ្ទះសំបែងឱ្យរៀបរយ ៖ បន្តនិរន្តភាពការងារ និងដំណើរការស្ថាប័ន រក្សាស្មារតី និងសតិអារម្មណ៍ឱ្យបាននឹងនរ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ព្រមទាំងកសាងបាននូវជំនឿ និងទំនុកចិត្តលើការដឹកនាំជារួម ។
២ – ការបង្កើតនូវបរិយាកាសគ្មានវិវាទ ៖ ការចុះបញ្ជីដីធ្លីបង្ហើយ ការដោះស្រាយវិវាទដីធ្លី សេវាគាប់ចិត្ត ការរក្សាអាយុជីវិតបឹងទន្លេសាប តំបន់រមណីយដ្ឋានសៀមរាប-អង្គរ ការដោះស្រាយបញ្ហាចម្រូងចម្រាសតាមបុរី ។
៣ – ការកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ ៖ ការពង្រឹងសមត្ថភាពស្ថាប័ន ការពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋាន ថវិកា និងហិរញ្ញវត្ថុ ប្រព័ន្ធលើកទឹកចិត្តមន្ត្រី ការងារអប់រំផ្សព្វផ្សាយ ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង និងការរៀបចំគោលនយោបាយ ច្បាប់ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្ត។
៤ – ការងាររៀបចំដែនដី និងនគរូបនីយកម្ម ៖ ការកំណត់តំបន់អភិរក្ស តំបន់កសិកម្ម តំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់ប្រជុំជន និងទីក្រុង ការកសាងទីប្រជុំជនជាបុរីជនបទ ភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល ការរៀបចំរបៀង និងប៉ូលសេដ្ឋកិច្ច ការរៀបចំសួន និងលំហសាធារណៈ។
៥ – កិច្ចការលំនៅឋាន ៖ ការអភិវឌ្ឍ “លំនៅឋានតម្លៃសមរម្យ” មូលនិធិលំនៅឋាន សំណង់អគារចាស់ទ្រុឌទ្រោម សំណង់មិនរៀបរយ ។
៦ – គោលនយោបាយសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ៖ ការបែងចែកដីធ្លី និងផ្ទះសម្បែង ការផ្តល់ពូជសត្វ និងដំណាំគ្រប់ប្រភេទ ការកសាងសហគមន៍ភាព និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចាំបាច់ នាំចេញនៅហ្នឹងកន្លែង ភូមិមួយ ផលិតផលមួយ ។
៧ – ស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា ៖ វិស័យសំណង់ និងស្ថាបត្យកម្ម គិតគូរពីសុវត្ថិភាព គុណភាព និងសោភណភាព រចនាបទ និងការឌីសាញសហសម័យ ច្បាប់ស្តីពីសំណង់ ការកាត់បន្ថយហានិភ័យ និងគ្រប់គ្រងគ្រោះមហន្តរាយក្នុងវិស័យសំណង់ ការគ្រប់គ្រងអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់និងស្ថាបត្យកម្ម ។
៨ – ការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ។
៩ – កម្ពុជារុងរឿង ដង្ហើមសេដ្ឋកិច្ច ៖ ឧស្សាហកម្មសំណង់ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មគ្រឿងសង្ហារឹម ឧស្សាហកម្មគ្រឿងតុបតែងលម្អ ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មហិរញ្ញវត្ថុនិងធនាគារ ឧស្សាហកម្មប្រាក់កម្ចី ។
ដោយឡែក នៅមានគោលនយោបាយ និងច្បាប់មានប្រមាណជា១០០ទៀត ដែលត្រូវតាក់តែងបញ្ចប់ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងអាណត្តិទី៧ នេះ ដើម្បីមានច្បាប់គ្រប់គ្រងគ្រប់គ្រាន់ ប៉ុន្តែក្រសួងក៏អាចធ្វើវិសោធនកម្មច្បាប់ ឬកែប្រែលក្ខខណ្ឌមួយចំនួនបន្ថែមទៀត ដើម្បីបំពេញបន្ថែមចំណុចខ្វះចន្លោះ ស្របតាមស្ថានភាពជាក់ស្ដែងនៃការវិវត្តសង្គម សេដ្ឋកិច្ចនិងវប្បធម៌។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងមន្ត្រីជំនាញ បានប្ដេជ្ញាចិត្តលុបបំបាត់សំណង់មិនរៀបរយទាំងអស់នៅក្នុងអាណត្តិទី៧នេះ ដោយមិនប្រើប្រាស់កម្លាំង ឬការបង្ខំរុញច្រានណាមួយនោះទេ ប៉ុន្តែផ្ដល់ឱកាសដល់អ្នកដែលរស់នៅក្នុងសំណង់មិនរៀបរយទាំងនោះ បានទៅរស់នៅទីកន្លែងថ្មីដោយដោះដូរតាមតម្លៃទីផ្សារ។

ចាប់ពីអាណត្តិនេះបន្តទៅមុខ ដោយផ្អែកលើគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តនិងសេចក្តីព្រាងច្បាប់ផ្សេងៗផងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យល់ឃើញថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងអាចធ្វើការដោយពេញសមត្ថភាពរបស់ខ្លួន ក្នុងការចូលរួមរៀបចំសង្គមជាតិឱ្យបានល្អប្រសើរ ។ ការរៀបចំរបៀបរៀបរយ ទីប្រជុំជន លំហសាធារណៈ បញ្ហាកកស្ទះចរាចណ៍ ការដោះស្រាយប្រព័ន្ធលូ និងការជនលិនៅក្នុងរាជធានីភ្នំពេញ ក៏ត្រូវបានយកចិត្តទុកដាក់ពន្លឿការដោះស្រាយជូនប្រជាពលរដ្ឋផងដែរ ។

ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា បានឱ្យដឹងថា ជំនួបឈ្វេងយល់នាពេលនេះ មានគោលបំណងសំខាន់ដើម្បីបានយល់ដឹងពីសមិទ្ធផល និងវឌ្ឍនភាពការងារសំខាន់ៗ ដែលមន្ត្រីក្រសួង សម្រេចបានក្នុងឆ្នាំ២០២៥ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦របស់ក្រសួង ។
ឯកឧត្តមបានថ្លែងអំណរគុណដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានបង្ហាញអំពីសមិទ្ធផល និងវឌ្ឍនភាពការងារសំខាន់ៗដែលក្រសួងសម្រេចបានក្នុងឆ្នាំកន្លងមកនេះ ជាពិសេសលើការងារគ្រប់គ្រងដីធ្លី ការរៀបចំនគរូបនីយកម្ម ការគិតគូរអំពីគុណភាព សុវត្ថិភាពសំណង់ ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងការគិតគូរបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលទាំងនេះគឺជាសមិទ្ធផលធំធេង រួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋចាប់ពីពេលនេះតទៅអនាគត ៕


