នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ បានចេញសេចក្តីប្រកាសពីរបកគំហើញថ្មី គឺតុកកែខ្លួនបង្កង់ប្រភេទថ្មីមួយនៅឧទ្យានជាតិគិរីរម្យ។ តុកកែនេះត្រូវបានដាក់ឈ្មោះថា “តុកកែខ្លួនបង្កង់គិរីរម្យ” និងមានឈ្មោះវិទ្យាសាស្រ្តថា Cyrtodactylus kiriromensis។
ការរកឃើញថ្មីនេះត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ Zootaxa‚ ដោយបង្ហាញពីសារសំខាន់ដ៏វិសេសវិសាល និងការបន្តរុករករបកគំហើញថ្មីៗពីជីវៈចម្រុះនៃតំបន់ជួរភ្នំក្រវាញ ជាទីជម្រកនៃភាវរស់ជាច្រើនប្រភេទ ដែលមិនមានវត្តមាននៅកន្លែងផ្សេងទៀតឡើយនៅក្នុងពិភពលោកនេះ។
លោក នាង ធី ប្រធានផ្នែកអភិរក្សនៃអង្គការសម័្ពន្ធសត្វព្រៃ និងធម្មជាតិ បានឱ្យដឹងថា ការរកឃើញនេះបង្ហាញថា ជីវៈចម្រុះរបស់កម្ពុជាជាច្រើននៅមិនទាន់បានចុះបញ្ជីអស់នៅឡើយ។ សូម្បីតែនៅតំបន់ការពារដ៏ល្បីឈ្មោះ ដូចជាឧទ្យានជាតិគិរីរម្យ ក៏មានសត្វល្មូនជាច្រើនប្រភេទកំពុងរង់ចាំការធ្វើការសិក្សាស្រាវជ្រាវ និងទទួលស្គាល់ផងដែរ។
គួរបញ្ជាក់ថា ប្រភេទសត្វតុកកែថ្មីនេះត្រូវបានជួបប្រទះជាលើកដំបូងដោយលោក បណ្ឌិត Bryan L. Stuart នៃសារមន្ទីរវិទ្យាសាស្រ្តធម្មជាតិ North Carolina ក្នុងអំឡុងពេលបេសកម្មដំបូងមកប្រទេសកម្ពុជា ក្រោមការឧបត្ថម្ភរបស់អង្គការសមាគមអភិរក្សសត្វព្រៃ កាលពីជាងពីរទសវត្សរ៍មុន ប៉ុន្តែមិនអាចពិពណ៌នាជាផ្លូវការនៅពេលនោះទេ ដោយសារមានភាពស្មុគស្មាញនៃពិន្ធុ DNA។
តុកកែប្រភេទថ្មីនេះរស់នៅ និងរកចំណីរនៅពេលយប់ តាមដើមឈើទាបៗ គល់ឈើ លើផ្ទាំងថ្មក្បែរអូរ និងតាមគន្លងផ្លូវព្រៃជាច្រើនក្នុងព្រៃពាក់កណ្តាលស្រោង។ ឈ្មោះរបស់វាត្រូវបានដាក់ភ្ជាប់ទៅនឹងឈ្មោះឧទ្យានជាតិគិរីរម្យ ដែលជាតំបន់ការពារមួយ និងជាគោលដៅទេសចរណ៍ដ៏ពេញនិយម នៅក្នុងខេត្តកំពង់ស្ពឺ៕
ដោយ៖ម៉ាដេប៉ូ