ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មានប្រទេសចំនួន៨ កំពុងមានតម្រូវការពលករខ្មែរច្រើននាក់ សម្រាប់វិស័យឧស្សាហកម្ម និងវិស័យកសិកម្ម។

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មានប្រទេសចំនួន៨ កំពុងមានតម្រូវការពលករខ្មែរច្រើននាក់ សម្រាប់វិស័យឧស្សាហកម្ម និងវិស័យកសិកម្ម។

ថ្លែងប្រាប់បណ្តាញព័ត៌មាន AMS ឯកឧត្តម ស៊ុន មេសា លើកឡើងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទឹកចិត្តដល់ពលករខ្មែរមកពីថៃ សម្រាប់ស្វែងរកការងារក្រៅប្រទេសទាំងនេះ។ឯកឧត្តមបញ្ជាក់ថា«ក្រសួងការងារបានបើកយន្តការហើយ។ ទីផ្សារមានហើយរហូតដល់៨ប្រទេស។ សូមបងប្អូនពលរដ្ឋរបស់យើងមិនថាពលករមកពីថៃ ឬប្រជាពលរដ្ឋឲ្យតែចាប់អារម្មណ៍អាចដាក់ពាក្យទៅធ្វើការនៅប្រទេសនោះបាន»។

គិតត្រឹមឆ្នាំ២០២៥ កម្ពុជា មានពលករចំណាកស្រុកជាង ៤៣ម៉ឺននាក់ កំពុងធ្វើការនៅក្រៅប្រទេស ដូចជាប្រទេសថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី ហុងកុង អារ៉ាប៊ីសាអូឌីត ជាពិសេសក្នុងវិស័យឧស្សាកម្ម និងកសិកម្ម។ បើតាម ឯឧត្តម ស៊ុន មេសា កម្ពុជា កំពុងធ្វើសហប្រតិបត្តិការជាមួយប្រទេសថ្មីមួយទៀត គឺប្រទេសអ៊ីស្រាអែល សម្រាប់ឆ្នាំ២០២៦នេះ។
ក្រោយពីជម្លោះព្រំដែនកម្ពុជា ថៃ កាលពីឆ្នាំ ២០២៥ ពលករខ្មែរជាង ៩៧ម៉ឺននាក់ បានវិលត្រឡប់មកពីប្រទេសថៃវិញ។ ក្នុងនោះ មានពលករចំនួន ៦២ម៉ឺននាក់ ទទួលបានការងារធ្វើនៅសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្លែងក្នុងឱកាសសន្និបាតប្រចាំឆ្នាំ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈនេះ។
ឯកឧត្តម រដ្ឋមន្ត្រី បញ្ជាក់ថា ក្រៅពីការងារនៅក្នុងសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ពលករមកពីថៃមួយចំនួនបានចូលធ្វើការងារនៅក្នុងវិស័យសិប្បកម្ម ភោជនីយដ្ឋាន និងនៅតាមការដ្ឋានសំណង់។
បើតាមឯកឧត្តម ហេង សួរ ចំនួនអ្នកមានការងារធ្វើក្នុងប្រទេសកម្ពុជាកើនឡើងដល់ប្រមាណ១០,៧ លាននាក់ ក្នុងឆ្នាំ២០២៥ ឬកើនឡើងប្រមាណ៨០ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០២៤។
វិស័យសេវាកម្មស្រូបយកកម្លាំងពលកម្មច្រើនជាងគេ គឺមានចំនួនប្រមាណ ៤,៩លាននាក់ បន្ទាប់មកគឺវិស័យឧស្សាហកម្ម ប្រមាណ ៣លាននាក់ និងឈរនៅលំដាប់ទី៣ គឺវិស័យកសិកម្ម ដែលស្រូបយកកម្លាំងពលកម្មប្រមាណ ២,៨លាននាក់៕
ដោយ៖ខន ណារី
